ប្រធាន AIPA លើកទី៤០ គាំទ្រការលើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឱ្យមានការយកចិត្តទុកដាក់ដល់ពលករចំណាកស្រុកនៅក្រៅប្រទេស


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួន លីផៃ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានសភាអាយប៉ាលើកទី៤០នៅរសៀលថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៩នេះ សណ្ឋាគារ Shangri La នាទីក្រុងបាងកក ប្រទេសថៃ។

ឯកឧត្តមឈួន លីផៃ បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភាដែលបានដឹកនាំគណៈប្រតិភូ មកចូលមហាសន្និបាត AIPA ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ ដែលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ជាទំនាក់ទំនងអ្នកជិតខាង មានលក្ខណៈបងប្អូន និងមានវប្បធម៌ ប្រពៃណី ស្រដៀងគ្នា។ ឯកឧត្តម បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងកិច្ចប្រជុំពេញអង្គ AIPA ដែលបានស្នើឱ្យមានការយកចិត្តទុកដាក់ និងលើកស្ទួយសិទ្ធិពលករចំណាកស្រុក។

ឯកឧត្តមប្រធានឈួន លីផៃ ចាត់ទុកការលើកឡើងរបស់សម្តេចមានសារៈសំខាន់ណាស់ ពីព្រោះជាបញ្ហារួម ប្រទេសថៃ និងប្រទេសផ្សេងក៏មានបញ្ហានេះដែរ។ ឯកឧត្តម បញ្ជាក់ថា ថៃនឹងយកចិត្តទុកដល់សិទ្ធិពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសខ្លួន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណរដ្ឋសភាថៃដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាកម្ពុជា។ សម្តេចបានគោរពអញ្ជើញ ឯកឧត្តម ឈួន លីផៃ ទៅបំពេញទស្សនកិច្ចផ្លូវ នៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ៕