កម្ពុជា និងម៉ារ៉ុក ពង្រឹងវិស័យការទូតសភាជាមួយគ្នា


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហាប៊ីប អេល ម៉ាលគី (Habib El Malki) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រម៉ារ៉ុក ដើម្បីពង្រឹងវិស័យការទូតសភាប្រទេសទំាងពីរឱ្យរឹងមាំឡើង នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នាទីក្រុងបាងកកប្រទេសថៃ។

នៅក្នុងជំនួបនេះ ឯកឧត្តម ហាប៊ីប អេល ម៉ាលគី បានស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រប្រទេសម៉ារ៉ុកជាអ្នកសង្កេតការណ៍ពេញសិទ្ធិរបស់អន្តរសភាអាស៊ាន ខណៈដែលការចូលរួម របស់ម៉ារ៉ុកក្នុងមហាសន្និបាត AIPA ពេលនេះ ជាភ្ញៀវរបស់សភាប្រទេសថៃដែលជាប្រធាន AIPA ប៉ុណ្ណោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រសំណើរបស់ប្រធានរដ្ឋសភាម៉ារ៉ុក ប៉ុន្តែត្រូវឆ្លងកាត់នីតិវិធីរបស់AIPA។ សម្តេចបានគូសបញ្ជាក់ថាការពង្រីកភាពជាដៃគូរបស់AIPA ជាគោលការណ៍របស់វេទិកាសភាតំបន់មួយនេះ។ ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានអញ្ជើញឯកឧត្តម ហាប៊ីប អេល ម៉ាលគី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ នៅឆ្នាំ២០២០០ខាងមុខ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ឯកឧត្តម ប្រធានរដ្ឋសភាម៉ារ៉ុក ទទួលយកសំណើរបស់សម្តេច និងបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅទស្សនកិច្ចនៅប្រទេសម៉ារ៉ុកវិញ។ ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ប្រធានរដ្ឋសភាម៉ារ៉ុកចាត់ទុកថាជាការពង្រឹងពង្រីកវិស័យការទូតសភាប្រទេសទំាងពីរឲ្យរឹងមាំឡើង។

ព្រះរាជណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុកមានទំនាក់ទំនងការទូតជាមួយគ្នាជាងពីរទស្សវត្សមកហើយ។ ពិសេសសម្តេចឪ ព្រះបរមរតនកោដ្ឋ ព្រះអង្គមានទំនាក់ទំនងយ៉ាជិតស្និទ្ធជាមួយអតីតព្រះមហាក្សត្រម៉ារ៉ុក៕