ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យសមិទ្ធផលការងារមួយឆ្នាំ


ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោត ជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តី ព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។

ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រួមមានបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្ត។ ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយបានប្រមូលយកធាតុចូលជាច្រើនជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបញ្ហាដទៃទៀតកើតមាននៅក្នុងសង្គម។

ឯកឧត្តម  ឈឹម ផលវរុណ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានចុះបំពេញបេសកកម្មចំនួន ២០០ និងបានធ្វើរបាយការណ៍ ជូនសម្តេចតេជោផងដែរ។ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានមើលឃើញផងដែរថា ការបំពេញបេសកកម្មនៅតាមបណ្តារបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មិនសូវជាមានឧបសគ្គទៀតនោះឡើយ ដោយសារមន្ត្រីអាជ្ញាធរមូលដ្ឋានបានយល់ពីតម្លៃ និងតួនាទីភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

បើទោះបីជាយ៉ាងណាឯកឧត្តម ឈឹម ផលវរុណ បានលើកឡើងថា មានបញ្ហាប្រឈមមួយចំនួន ក៏ដូចជាភាពអសកម្មក្នុងការបំពេញការរបស់មន្ត្រី ក៏នឹងត្រូវដាក់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយនៅថ្ងៃស្អែកនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចចាត់លទ្ធផលនៃកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ស្មើនឹងលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផងដែរ។ ក្រោយកិច្ចប្រជុំឯកឧត្តម ឈឹម ផលវរុណ នឹងធ្វើសន្និសីទព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រជុំនោះ បន្ទាប់មកក៏នឹងមានការរៀបចំពិសារអាហាររួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕