សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាឡាវ


នាព្រឹកថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Bounpone Bouttanavong អនុប្រធានរដ្ឋសភាប្រទេសឡាវ នាទីក្រុងបាងកក ប្រទេសថៃ។

ឯកឧត្តម Bounpone Bouttanavong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានដែលបានខិតខំជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ទទួលបានជោគជ័យនិងផ្លែផ្កាជាបន្តបន្ទាប់។រដ្ឋសភាប្រទេសទំាងពីរបានជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ទំាងកម្រិតថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញ និងអគ្គលេខាធិការដ្ឋាសនរដ្ឋសភា។ ភាគីឡាវបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តអនុស្សារណៈយោគយល់គ្នា ទំាងឡាយដែលបានចុះហត្ថលេខារួមគ្នា ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ អនុប្រធានរដ្ឋសភាឡាវ បានស្នើសូមសម្តេចជួយជំរុញបន្ថែមនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យអប់រំ សុខាភិបាល និងសេដ្ឋកិច្ច ជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថារដ្ឋសភាកម្ពុជានិងឡាវតែងតែគំាទ្រគ្នាជានិច្ចនៅក្នុងវេទិកាអន្តរសភា តួយ៉ាងមហាសន្និបាត AIPAនាពេលនេះ បានបង្ហាញពីមិត្តភាព ភាតរភាពជាបងប្អូនរវាងកម្ពុជា និងឡាវ ព្រមទំាងបានបញ្ជាក់ពីសាមគ្គីភាពនៅក្នុងរង្វង់គ្រួសារប្រទេសសមាជិក AIPA។

សម្តេចប្រធានរដ្ឋសភា បានសាទរចំពោះ ផ្លែផ្កាយ៉ាងល្អ នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាទាំងពីរក្នុងនីតិកាល ជាបន្តបន្ទាប់មកនេះ៕