ឯកឧត្តម អុិត សំហេង ផ្ដល់អនុសាសន៍ឱ្យយុវជនអាស៊ីអាគ្នេយ៍ សិក្សាពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ និងចែករំលែកពីការអភិវឌ្ឍរបស់កម្ពុជាទៅប្រទេសទាំងនោះវិញ


(ភ្នំពេញ)៖ នាឱកាសទទួលជួបជាមួយគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ៣៣រូប នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់អនុសាសន៍ល្អៗជាច្រើនដល់យុវជនខាងលើ ក្នុងគោលបំណងជំរុញឱ្យពួកគេខិតខំសិក្សាឱ្យបានច្បាស់ពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ ដើម្បីពាំនាំនូវបទពិសោធន៍ល្អៗយកមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន ព្រមទាំងចែករំលែកពីការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច របស់កម្ពុជាទៅប្រទេសទាំងនោះវិញ។

ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដល់ការណែនាំថា៖ «យុវជនកម្ពុជាត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត អំពីចំណេះដឹងទូទៅទាក់ទងនឹងស្ថាប័ន តំបន់ និងអន្តរជាតិនានា ដែលកម្ពុជាជាសមាជិក រួមទាំងអត្ថប្រយោជន៍ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាអង្គការទាំងនោះសម្រាប់កម្ពុជា»។

ឯកឧត្តមបានបន្ដថា យុវជនដែលជាប្រតិភូទាំងអស់ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗយកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ជាពិសេសយុវជនទាំងអស់ត្រូវធ្វើជាមគ្គុទ្ទេសក៍ដ៏ល្អ ជាអ្នកការទូតតំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទាំងរក្សានូវទំនាក់ទំនងល្អជាមួយយុវជនបណ្តាប្រទេសដទៃទៀត។

ឯកឧត្តម មានប្រសាសន៍ថា៖ «សូមក្មួយៗ ត្រូវចេះស្រលាញ់ យោគយល់អធ្យាស្រ័យ សាមគ្គីគ្នា និងធ្វើការងារជាក្រុមឱ្យបានល្អ ដើម្បីនាំកិត្តិយសជូនជាតិមាតុភូមិយើង ដូចសុភាសិតខ្មែរលើកឡើងថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។

បើតាមលោក ណៃ សែមណារ័ត្ន អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគេ្នយ៍កម្ពុជា បានលើកឡើងថា គណៈប្រតិភូយុវជនទំាងអស់មានការខិតខំរៀនសូត្រ និងរឹតចំណងមិត្តភាព ចែករំលែកនូវវប្បធម៌នៃប្រទេសនីមួយៗ ក្នុងការជួយដល់សង្គមជាតិ។

លោកបន្តថា វាជាកម្មវិធីលើកទី ៤៦ហើយ សម្រាប់ឆ្នាំ២០១៩ នេះ ដែលមានរយៈពេល ៥១ថ្ងៃ (ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩) ដោយនាវា នឹងចូលចតក្នុងប្រទេសចំនួន ០៥គឺ៖ ប្រទេសជប៉ុន វៀតណាម សឹង្ហបុរី មីយ៉ានម៉ា និង ម៉ាឡេស៊ី។ មុនពេលចូលកម្មវិធីនេះ ប្រតិភូយុវជនកម្ពុជាទាំងអស់ក៏បានទទួលការបណ្តុះបណ្តាលមុនពេលចេញដំណើររយៈពេល ៣ខែ (គិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩)។

សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ កម្មវិធីនេះតែងតែបាននាំមកនូវការជួបជុំរវាងយុវជនអាស៊ាន និងជប៉ុន ជាង ៣០០នាក់។ ពេលនាវាចូលចតនៅតាមបណ្តាកំពង់ផែនៃប្រទេស នីមួយៗ ប្រតិភូយុវជនទាំងអស់នឹងធ្វើទស្សនកិច្ចសិក្សានៅតាមស្ថាប័ន គ្រឹះស្ថាននានារបស់ប្រទេសនោះ ជាពិសេសមានឱកាស បានជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋាភិបាល ក៏ដូចជាព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេសជប៉ុនផងដែរ។ ដោយឡែក សកម្មភាពនៅលើនាវារួមមាន៖ ការពិភាក្សាជាក្រុម ការសម្តែងសិល្បៈ និងវប្បធម៌នៃប្រទេសនីមួយៗ និងសកម្មភាពផ្សេងៗ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរបទពិសោធន៍របស់យុវជនទាំងអស់៕