កិច្ចប្រជុំប្រចាំខែស្តីអំពីការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ជាមួយក្រុមទីប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)


ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង លោកជំទាវ តុង ផល្លី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែស្តីអំពីការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញជាមួយក្រុម ទីប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងកំពង់ផែស្វយ័តភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម ក្រុមទីប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការឆ្លើយតបទៅនឹងសំណួរដែលបានលើកឡើងក្នុងកិច្ចប្រជុំកន្លងមក លទ្ធផលនៃការសិក្សាសំខាន់ៗ ការអភិវឌ្ឍផែនការរូបវន្ត ការវិភាគជម្រើសហិរញ្ញវត្ថុសម្រាប់ការ អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការជ្រើសរើសដៃគូអភិវឌ្ឍន៍រដ្ឋនិងឯកជន(PPP) និងការវាយតម្លៃ ស្ថានភាពផ្លូវច្បាប់ផងដែរ។

សូមជម្រាបជូនថា៖ កំណើនសេដ្ឋកិច្ចកម្ពុជាឥតឈប់ឈរពីមួយទៅមួយឆ្នាំ បានតម្រូវឱ្យរាជរដ្ឋាភិបាល គិតគូរយកចិត្តទុកដាក់លើការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម នៅភ្នំពេញ (PPLC) និងនៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេសសំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន៕