ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ


ក្រោមផែនការកសាងសមត្ថភាពរបស់គណៈកម្មាធិការកសាងសមត្ថភាពសម្រាប់ធនាគារកណ្តាលនៃប្រទេសសមាជិកអាស៊ាន ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១១រោច – អង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាពីគោលការណ៍គ្រឹះនៃលំហូរមូលធន ការកសាងក្របខណ្ឌស្ថិរភាពហិរញ្ញវត្ថុ ដែលជាការងារអាទិភាពមួយរបស់ធនាគារកណ្តាល និងសារៈសំខាន់នៃសំណាញ់សុវតិ្ថភាពហិរញ្ញវត្ថុ។