(ស្រីលង្កា)៖ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Rauff Hakeem រដ្ឋមន្ត្រីក្រសួងផែនការទីក្រុង ផ្គត់ផ្គង់ទឹក និងការអប់រំថ្នាក់ឧត្តមសិក្ស។
ជំនួបនេះធ្វើឡើង នៅទីស្ដីការក្រសួងផែនការទីក្រុង ផ្គត់ផ្គង់ទឹក និងការអប់រំថ្នាក់ឧត្តមសិក្សា របស់សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងថា ថ្វីបើកម្ពុជាជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដែលមានសាសនិករបស់ខ្លួន រហូតដល់ទៅ៩៣ភាគរយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ស្មើៗគ្នា ទៅលើប្រជាជាតិកម្ពុជាទាំងអស់ ដែលកាន់សាសនាផ្សេងៗគ្នា។
ក្នុងនោះក៏មានអ្នកកាន់សាសនាអ៊ីស្លាមផងដែរ ដែលមានចំនួនប្រមាណជិត៥ភាគរយ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានផ្ដល់លទ្ធភាព ដល់សហគមន៍ឥស្លាមនៅកម្ពុជា ឲ្យមានឱកាសបានចូលបម្រើការងារជាមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់ស្ទើគ្រប់ក្រសួង ស្ថាប័នផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រី Rauff Hakeem បានលើកឡើងថា ក្នុងនាមជារដ្ឋមន្ត្រីមួយរូប នៃប្រទេសស្រីលង្កា ដែលកាន់សាសនាឥស្លាមដូចគ្នា លោកសូមសម្ដែង នូវភាពសប្បាយរីករាយ និងអបអរសាទរដោយមោទនភាពជាទីបំផុត ចំពោះបងប្អូនសហគមន៍អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ៕