ឯកឧត្តមបណ្ឌិត ឡី សុភាព ជួបសំណេះសំណាលជាមួយសមាជិកបក្សប្រជាជនមួយចំនួន ក្នុងវិស័យសុខាភិបាល


ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការសាខាគណបក្សយុវជនសេដ្ឋកិច្ចរាធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ នៃគណៈចលនាមហាជនគណបក្សរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងបម្រើការងារក្នុងវិស័យសុខាភិបាល (ផ្នែកឯកជន)។

ពិធីជួបសំណេះសំណាលនេះត្រូវបានធ្វើឡើងនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សមាជិក-សមាជិកា ដែលកំពុងបម្រើការជាអ្នកលក់ឱសថ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ គ្រូឱសថបុរាណ អ្នកព្យាបាលដោយចលនា គិលានុបដ្ឋាក ឆ្មប ទន្តពេទ្យ ឱសថការី វេជ្ជបណ្ឌិត ដែលជាម្ចាស់មូលដ្ឋានអាជីវកម្ម អ្នកគ្រប់គ្រងទូទៅតាមឱសថស្ថាន អាហារបំប៉ន ចំណីអាហារ គ្រឿងសម្អាង អគារឱសថបុរាណ បន្ទប់ថែទាំ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ គ្លីនិក ក្រុមហ៊ុននាំចូល និងចែកចាយ។

នាឱកាសនោះ ឯកឧត្តម ឡី សុភាព បានកើតសរសើរនូវការខិតខំប្រឹងប្រែងរបស់សមាជិក-សមាជិកាទាំងអស់ ដែលតែងតែបម្រើសេវាសុខាភិបាលជូនប្រជាជនទូទៅ និងឆ្លៀតធ្វើសកម្មភាពសប្បុរសធម៌ជួយសង្គម សកម្មភាពជួយការងារគណបក្ស ព្រមទាំងការប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ពិសេសជាងនេះ ឯកឧត្តមបានណែនាំឱ្យសមាជិក-សមាជិកាទាំងអស់ខាងលើ ត្រូវបន្តការងារនានាទាំងនេះឱ្យបានសកម្មឡើងថែមទៀត ដើម្បីបន្តភាពរីកចម្រើនក្នុងវិស័យ ជំរុញជីវភាពរស់នៅ និងពង្រឹងសមាជិកភាពរបស់គណបក្សផងដែរ។

មេយុវជនសេដ្ឋកិច្ចរាធានីភ្នំពេញរូបនេះ បានថ្លែងប្រាប់សមាជិក-សមាជិកានាឱកាសនោះថា «សម្ដេចតេជោ ហ៊ុន សែន បានខិតខំដឹកនាំប្រទេសកម្ពុជាដ៏កម្សត់មួយនេះ ឱ្យឈានទៅរកការអភិវឌ្ឍមកទាល់សព្វថ្ងៃ, សម្ដេចតេជោបានខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ដែលបានញ៉ាំងឱ្យការរស់នៅ និងការប្រកបការងាររបស់ប្រជាជន ទទួលបាននូវភាពសុខដុមរមនីយ ដូច្នេះក្នុងនាមយើងជាប្រជាជនកម្ពុជា កើតលើទឹកដីកម្ពុជា ធំធាត់ និងបានសុខសាន្តលើទឹកដីកម្ពុជា យើងត្រូវចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន បន្តការការពារសុខសន្តិភាពដែលរកបានដោយលំបាកនេះឱ្យខាងតែបាន»។

នៅចំពោះមុខសមាជិក-សមាជិកា លោក ឡី សុភាព បានហាមប្រាមយ៉ាងដាច់អហង្កាមិនឱ្យសមាជិក-សមាជិកាណាម្នាក់ ចូលរួមគាំទ្រការវិលចូលប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី ឡើយ ព្រោះជាទង្វើដែលឈានទៅរកការបំផ្លិចបំផ្លាញជាតិ។ ផ្ទុយទៅវិញ សមាជិក-សមាជិកត្រូវតែប្រឆាំងដាច់ខាត់ ចំពោះអំពើក្បត់ជាតិទាំងឡាយណារបស់ក្រុមប្រឆាំងទាំងនោះ។

ឯកឧត្តម ឡី សុភាព បានសម្ដែងនូវការកោតសរសើរ និងគាំទ្រការដឹកនាំរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែយកចិត្តទុកលើការអភិវឌ្ឍក្នុងវិស័យសុខាភិបាល និងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជន។

លើសពីនេះទៅទៀត ឯកឧត្តមបានថ្លែងអំណរគុណចំពោះឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាជន គិតគូរពីការដោះស្រាយបញ្ហាជូនប្រជាជន ព្រមទាំងបន្តកិច្ចការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនាមជាសេនាធិការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលផងដែរ៕