(រតនគិរី)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជាទៅទីផ្សារអន្តរជាតិជូនដល់មន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សិស្សានុសិស្ស មកពីសាលារដ្ឋ និងឯកជនជាង ១០០នាក់។
សិក្ខាសាលានេះប្រារព្ធធ្វើនៅសាលប្រជុំសណ្ឋាគាររតនស៊ីធី ក្រោមអធិបតីភាពឯកឧត្តម អ៊ួង សុខន អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម និងឯកឧត្តម យឹម ផែន អភិបាលរងខេត្តរតនគិរី។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម យឹម ផែន រួចមក ឯកឧត្តម អ៊ួង សុខន បានលើកឡើងថា ដើម្បីជួយដល់ផលិតករ ពាណិជ្ជករ សេវាករមានលទ្ធភាពអាចប្រកួតប្រជែងលើទីផ្សារ ក្នុងប្រទេសនិងក្រៅប្រទេសបាននោះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការផ្សព្វផ្សាយ ប្រមូលផ្តុំចងក្រងអត្តសញ្ញាណផលិតផលសក្តានុពល ក្នុងខេត្តដែលមានដូចជា ដំឡូងមី សណ្តែកសៀង សណ្តែកបាយ ល្ង កៅស៊ូជាដើម ធ្វើយ៉ាងណាជំរុញផលិតផលមានម៉ាក យីហោ (Brand) ច្បាស់លាស់ សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
ក៏ប៉ុន្តែដើម្បីឲ្យមានការនាំចេញមានភាពរលូន ក្រសួងពាណិជ្ជកម្ម សូមស្នើដល់ផលិតករ អាជីវករម្ចាស់សហគ្រាសកម្ពុជា និងបរទេសក្នុងខេត្តទាំងមូលមេត្តា ខិតខំកែច្នៃផលិតនូវផលិតផលរបស់ខ្លួន ឲ្យត្រូវតាមស្តង់ដារ និងដាក់លេខបារកូដកម្ពុជា ហើយក៏សូមសំណូមពរដល់អ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈងាកមកប្រើប្រាស់ផលិតផលខ្មែរឲ្យបានគ្រប់ៗគ្នា ដោយការប្រើប្រាស់ផលិតផល ខ្មែរនេះ ពិតជាផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរណ៍បរទេសផងដែរ។
ឯកឧត្តមបន្តថា ចាប់ពីឆ្នាំ២០១៤-២០១៩នេះ ក្រសួងបានរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម គ្រប់ជ្រុងជ្រោយ ក្នុងការក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចជំរុញការនាំចេញទំនិញ និងសេវាកម្មសក្តានុពលសំខាន់ៗចំនួន១០ប្រភេទ រួមមាន៖ ផលិតផលសម្លៀកបំពាក់កាត់ដេរស្បែកជើង ផលិតផលតម្លើង ក្នុងតំបន់សេដ្ឋកិច្ចពិសេស (ខ្សែភ្លើង គ្រឿងបង្គុំរថយន្ត)។ ផលិតផលម្ហូបអាហារកែច្នៃ ផលិតផលជលផល អង្ករ ដំឡូងមី កៅស៊ូ ទេសចរណ៍ និងផលិតផលកែច្នៃពីសូត្រ។ក្រៅពីនេះមានស្វាយចន្ទីរ គ្រឿងសង្ហារឹមធ្វើពីឈើ ម្រេច ស្ករស សណ្តែកសៀង ពោត។ល។ និងផលិតផលកម្ពុជាផ្សេងទៀតទៅទីផ្សារអន្តរជាតិ។ ថ្មីៗនេះទៀតសោត រាជរដ្ឋាភិបាលក៏បានដាក់បន្តនូវយុទ្ធសាស្ត្រនេះបន្តទៀតគឺពីឆ្នាំ២០១៩ដល់២០២៣ផងដែរ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះដំណើរទៅរយៈពេល ១ព្រឹកក្នុងគោលបំណងឆ្លុះបញ្ចាំងពីផលិតផលដែលមានសក្តានុពល និងមានម៉ាកឫយីហោ (Brand) ហើយបង្កើនការលើកកម្ពស់ ផលិតផលនោះតាមរយៈការដាក់ម៉ាកសញ្ញា ការវេចខ្ចប់និងពង្រឹងគុណភាពដើម្បីជម្រុញការនាំចេញទៅទីផ្សារទំនើបៗ សណ្ឋាគារលំដាប់ផ្កាយក្នុងប្រទេសនិងទីផ្សារអន្តរជាតិ៕