អាជ្ញាធរខេត្តកំពង់ចាម ចុះសង្គ្រោះប្រជាពលរដ្ឋ ៥គ្រួសារ ដែលរងគ្រោះដោយការបាក់ច្រាំងទន្លេ


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយនិងអាជ្ញាធរស្រុកកំពង់សៀម នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ បានចុះសង្គ្រោះប្រជាពលរដ្ឋ៥គ្រួសារ ដែលរងគ្រោះដោយការបាក់ច្រាំងទន្លេ នៅក្នុង ភូមិមាន់ហើរ ឃុំហាន់ ជ័យស្រុកកំពង់សៀម ខេត្តកំពង់ចាម។

អភិបាលស្រុកកំពង់សៀម លោកប៊ិន ឡាដា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋចំនួន៥គ្រួសារហើយ ដែលក្រុមអាជ្ញាធរ បានជួយរើលំនៅឋានរបស់គាត់ ដើម្បីយកមកកន្លែង មានសុវត្ថិភាព ដោយហេតុថា ទីតាំងលំនៅដ្ឋានចាស់ ប្រឈមនឹងការគ្រោះថ្នាក់ ដោយបាក់ច្រាំងទន្លេ ខណៈទឹកជំនន់កំពុងតែកើនឡើង។

លោកអភិបាលស្រុកកំពង់សៀម បានបន្តថា បន្ទាប់ពីអាជ្ញាធរ បានចុះពិនិត្យ និងជួយរំកិលផ្ទះ ក៏ដូចជាជួយរួសរើលំនៅដ្ឋានចេញ ពីតំបន់គ្រោះថ្នាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ៥គ្រួសារ ក្នុង១គ្រួសារ ថវិកាចំនួន២០ម៉ឺនរៀល និងតង់ធំ១សម្រាប់ឲ្យពួកគាត់ដោះស្រាយការលំបាកមួយគ្រា ក្នុងពេលមានទឹកជំនន់នេះ។

លោកអភិបាលស្រុកឲ្យដឹងដែរថា នៅមានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀត ដែលអាចប្រឈមនឹងការបាក់ច្រាំងទន្លេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ពួកគាត់បានសម្រេចចិត្ត មិនទាន់ធ្វើការរុះរើលំនៅដ្ឋានទេ ដោយហេតុថា ប្រជាពលរដ្ឋខ្លះមានដីនៅឆ្ងាយពីផ្ទះចាស់ ដែលគាត់រស់នៅ និងមានការលំបាកក្នុងការរើដឹកជញ្ជូនឥវ៉ាន់ ទៅទីកន្លែងថ្មីផងដែរ។ ដោយឡែកប្រជាពលរដ្ឋខ្លះទៀត គាត់នៅរង់ចាំមើលស្ថានភាពទឹកជំនន់សិន។

លោកបន្តថា ទន្ទឹមនឹងនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ឲ្យជួយឃ្លាំមើលអំពីស្ថានភាពគ្រោះថ្នាក់ របស់ប្រជាពលរដ្ឋជាប្រចាំ និងត្រៀមលក្ខណៈជួយគាត់ឲ្យបានទាន់ពេលវេលាផងដែរ៕