នាយករដ្ឋមន្ដ្រីកម្ពុជា-ម៉ាឡេស៊ី ចាត់ទុកការដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាច លើប្រទេសតូចជាអំពើអយុត្តិធម៌បំផុត


នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ បានចាត់ទុកថា ការដាក់ទណ្ឌកម្មរបស់ ប្រទេសមហាអំណាច ទៅលើប្រទេសតូចៗ គឺជារឿងអយុត្តិធម៌ជាទីបំផុត ព្រោះថាទណ្ឌកម្មនេះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសមួយនោះទេ ពោលប៉ះពាល់ដល់ប្រទេសដែលជាដៃគូពាណិជ្ជកម្មផងដែរ។

ការអះអាងដូចគ្នារវាងសម្ដេចតេជោ ហ៊ុន សែន និងលោក មហាធា មហាម៉ាត់ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្ដិភាព នាឱកាសលោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នេះគឺជារឿងអយុត្តិធម៌ណាស់ ព្រោះប្រទេសតូច មិនអាចដាក់ទណ្ឌកម្មលើប្រទេសណាទេ ប៉ុន្ដែមានតែមហាអំណាចទេ ដែលដាក់ទណ្ឌកម្មលើគេ ហើយដាក់សម្ពាធឲ្យប្រទេសតូចមិនឲ្យមានសេរីភាព ទោះបីគេកំពុងនិយាយអំពីរឿងសិទ្ធិមនុស្ស អំពីសេរីភាពនោះទេ គេយកសិទ្ធិសេរីភាពរបស់យើង ដោយដាក់ទៅលើប្រទេសដៃគូពាណិជ្ជកម្មនេះជារឿងអយុត្តិធម៌ណាស់»

លោក មហាធា មហាម៉ាត់ បានសង្កត់ធ្ងន់ទៀតថា ការដាក់ទណ្ឌកម្មនេះធ្វើឲ្យប៉ះពាល់ មិនត្រឹមតែប្រទេសដែលរងទណ្ឌកម្មផ្ទាល់ទេ ប៉ុន្ដែប្រទេសផ្សេងទៀតផងដែរ ដែលអត់មានទំនាស់ជាមួយប្រទេសនោះទេ ប៉ុន្ដែត្រូវបានហាមឃាត់មិនឲ្យធ្វើធុរកិច្ចជាមួយប្រទេសនោះ ដោយសារតែការដាក់ទណ្ឌកម្មនោះ។

ស្រដៀងគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានគូសរំលេចផងដែរ ជាមួយនឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ទៅលើកូរ៉េខាងជើង។ សម្ដេចចាត់ទុកថា វាពិតជាមានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសដៃគូពាណិជ្ជកម្ម និងប្រទេសដែលទទួលរងនូវទណ្ឌកម្មនោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងក៏មានការពិភាក្សាទាក់ទងការផ្លាស់ប្ដូរមតិ ទៅលើបញ្ហាមួយចំនួន ដូចជាបញ្ហា សមុទ្រចិនខាងត្បូង បញ្ហានៅរដ្ឋរ៉ាក់ខាញ បញ្ហាទាក់ទងជាមួយនឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ទៅលើកូរ៉េខាងជើង ហើយនឹងបញ្ហាទណ្ឌកម្មរបស់ប្រទេសធំៗ ទៅលើប្រទេសមួយចំនួនទៀត ដែលវាមិនគ្រាន់តែជាទណ្ឌកម្ម ទៅលើប្រទេសទាំងនោះទេ ក៏ប៉ុន្ដែវាអាចជាទណ្ឌកម្មមកលើប្រទេសដែលមិនជាប់ពាក់ព័ន្ធ ដែលជាដៃគូនៃកិច្ចការងារជាមួយប្រទេសទាំងនោះ»

ចំពោះបញ្ហាអន្ដរជាតិនេះ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ ក៏បានលើកឡើងអំពីការបញ្ហាសមុទ្រ នៅជុំវិញអាស៊ានផងដែរ ដូចជានៅច្រកសមុទ្រម៉ាឡាការ និងសមុទ្រចិនខាងត្បូង ដែលម៉ាឡេស៊ីជឿថា ច្រកសមុទ្រនេះគួរតែផ្ដល់សេរីភាព ក្នុងការធ្វើនាវាចរដោយគ្មានការហាមឃាត់ ឬប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេស ដែលមានព្រំដែនជាប់សមុទ្រនេះទេ។

គួរជម្រាបថា តាមរយៈសេចក្ដីថ្លែងការណ៍រួម ក៏បានបង្ហាញផងដែរថា ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាការយកចិត្តទុកដាក់ និងជាកង្វល់រួមមានដូចជា កិច្ចសហប្រតិបតិ្តការក្នុងរង្វង់រដ្ឋសមាជិកអាស៊ាន បញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ការវិវត្តនៅរដ្ឋរ៉ាក់ខាញ ការប្រឆាំងអំពើភេវរកម្ម និងបញ្ហាសកលលោកនានា។

ដោយឡែក ចំពោះកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងតំបន់ ថ្នាក់ដឹកនាំទាំងពីរយល់ស្របគ្នាថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងចូលរួមចំណែកដល់សមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងជួយការពារនូវប្រព័ន្ធពាណិជ្ជកម្ម
ពហុភាគី ហេតុនេះចាំបាច់ត្រូវសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយនេះ នៅក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថា លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) ជានាយករដ្ឋមន្ត្រីទី០៧ របស់ម៉ាឡេស៊ី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយបានផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់៕