សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី


នៅព្រឹកថ្ងៃអង្គារទី៣ ខែកញ្ញា​ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព​ រាជធានីភ្នំពេញ។

ក្នុងខ្លឹមសារនៃជំនួបនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានបង្ហាញនូវភាពស្និទ្ធស្នាល ដែលស្ដែងចេញពីចំណងមិត្តភាពដ៏ជិតស្និត និងរាក់ទាក់រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកព័ត៌មានអំពីការវិវឌ្ឍន៍ថ្មីៗនៃនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា និងម៉ាឡេស៊ី និងបានពិភាក្សាអំពីទិដ្ឋភាពនានានៃទំនាក់ទំនងរទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលនានាដែលប្រជាជនម៉ាឡេស៊ីទទួលបានក្រោមការដឹកនាំរបស់​ ឯកឧត្តមនាយករដ្ឋមន្ត្រី មហាធា​ មហាម៉ាត់ ដើម្បីនាំប្រទេសម៉ាឡេស៊ីឈានទៅរកឋានៈជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៥ខាងមុខ។

ឯកឧត្តមនាយកមន្ត្រី មហាធា មហាម៉ាត់ ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវជោគជ័យក្នុងការបន្តរក្សាស្ថិរភាព​ សន្តិភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ី គ្រប់វិស័យរួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍវិស័យឧស្សាហកម្ម​ហាឡាល់ ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និងអប់រំ។
ថ្នាក់ដឹកនាំទាំងពីរក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីតំបន់ និងពហុភាគី ដើម្បីបម្រើប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។ នៅក្នុងបរិបទអាស៊ានប្រទេសទាំងពីរបានបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តដើម្បីឈានទៅរកការសម្រេចឲ្យបាននូវសមាហរណកម្មសេដ្ឋកិច្ចដែលជាគោលដៅចុងក្រោយរបស់អាស៊ាន។ ប្រទេសទាំងពីរនឹងបន្តធ្វើការរួមគ្នាដើម្បីលើកកម្ពស់មជ្ឈភាពអាស៊ាន និងដើម្បីសម្រេចបាននូវសមាហរណកម្មមួយដែលមានសាមគ្គីភាពនយោបាយស្អិតរមួត ដើម្បីប្រជាជននិងផ្ដោតសំខាន់លើប្រជាជន។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងសងខាងបន្តស្វែងរកវិធីនិងវិធានការប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ប្រទេសទាំងពីរប្ដេជ្ញាសម្របសម្រួលវិធានការចាំបាច់នានាដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងវិនិយោគរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានសំដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានដោយផ្នែកឯកជន និងសាធារណៈក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគនេះ។ រដ្ឋាភិបាលកម្ពុជាស្វាគមន៍ធុរជនម៉ាឡេស៊ី មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម អប់រំ ទេសចរណ៍ ហើយរដ្ឋាភិបាលម៉ាឡេស៊ីលើកទឹកចិត្តឲ្យវិស័យឯកជនលើកកម្ពស់ជំហរក្នុងការពង្រីកពាណិជ្ជកម្មតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគម្រោងអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា ហើយរដ្ឋាភិបាលម៉ាឡេស៊ី ក៏ប្ដេជ្ញាបង្កើនល្បឿនពាណិជ្ជកម្មតាមរយៈគំនិតផ្ដួចផ្ដើមដែលមានវិសាលភាពឆ្លងកាត់ព្រំដែននៅក្នុងអាស៊ាន និងវេទិកាឌីជីថល ដូចជាពាណិជ្ជកម្មអេឡិចត្រូនិច។

ថ្នាក់ដឹកនាំទាំងពីរការលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលកម្ពុជាក៏អរគុណរដ្ឋាភិបាលម៉ាឡេស៊ីចំពោះការផ្ដល់ជំនួយបច្ចេកទេសក្នុងការសម្របសម្រួលការរៀបចំ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្រហាឡាល ហើយថ្នាក់ដឹកនាំទាំងពីរក៏ទទួលស្គាល់ថាកិច្ចសហប្រតិបត្តិការការពារជាតិចាំបាច់តម្រូវឲ្យមានការពង្រឹងតាមរយៈការបណ្ដុះបណ្ដាលបន្ថែមទៀតនិងការចែករំលែកព័ត៌មានក្នុងន័យនេះថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តឲ្យមានមន្ត្រីរបស់ខ្លួនរិះរកវិធីប្រកបដោយច្នៃប្រឌិតដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនេះក្នុងនោះថ្នាក់ដឹកនាំទាំងពីរក៏បានទទួលស្គាល់អំពីកំណើននៃការគំរាមកំហែងភេរវកម្មនិងភាពជ្រុលនិយមនៅទូទាំងពិភពលោកហើយការសម្របសម្រួលលើវិស័យសន្តិសុខចាំបាច់ត្រូវបង្កើតឡើងឲ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានកត់សម្គាល់អំពីការបន្តកិច្ចចរចាលើអនុស្សារណៈយោគយល់គ្នាស្តីអំពីសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធទាំងពីរបន្តការពិភាក្សា និងទន្ទឹងរង់ចាំការបញ្ចប់ការចរចាលើអនុស្សារណៈយោគយល់ខាងលើឲ្យបានឆាប់បំផុត។

រដ្ឋាភិបាលកម្ពុជាបានសម្ដែងនូវការអរគុណចំពោះឱកាសការងារដែលម៉ាឡេស៊ីផ្ដល់ឲ្យពលករចំណាកស្រុករបស់កម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរក៏លើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរដើម្បីបន្តពង្រឹងក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នាក្នុងវិស័យការងារ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលកាន់តែជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធដើម្បីការពារសិទ្ធិនិងដោះស្រាយបញ្ហាសុខមាលភាពពលករចំណាកស្រុករបស់កម្ពុជាទៅម៉ាឡេស៊ី។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការអរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ីដែលបានផ្ដល់ការបណ្ដុះបណ្ដាលតាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី ដែលបានផ្ដល់ប្រយោជន៍ដល់កម្ពុជាក្នុងការពង្រឹងវិស័យសាធារណៈ តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរក៏បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈការតភ្ជាប់រវាងប្រជាជនយ៉ាងសកម្មជាពិសេសក្នុងចំណោមយុវជនដើម្បីលើកកម្ពស់ការយល់ដឹង និងមិត្តភាពកាន់តែជិតស្និទ្ធ។ ក្នុងនោះថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តអង្គការយុវជនទាំងវិស័យឯកជននិងសាធារណៈឲ្យតភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈការលើកកម្ពស់ការបណ្ដុះបណ្ដាលកីឡា និងការផ្លាស់ប្ដូរអ្នកជំនាញបច្ចេកទេសការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជននិងកម្មវិធីសហគ្រិនយុវជននៃប្រទេសទាំងពីរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះម៉ាឡេស៊ីក្នុងឱកាសបុណ្យជាតិលើកទី៦២ របស់ម៉ាឡេស៊ីដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោក៏បានអបអរសាទរចំពោះការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រស៊ុលតង់ អាប់ឌុលឡា ស៊ុលតង់អាម៉ាដ ជាព្រះមហាក្សត្រទី១៦ របស់ម៉ាឡេស៊ី។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោកដែលជាការយកចិត្តទុកដាក់និងជាកង្វល់រួមមានដូចជាកិច្ចសហប្រតិបត្តិការក្នុងរង្វង់រដ្ឋសមាជិកអាស៊ានបញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ការប្រឆាំងអំពើភេរវកម្មនិងបញ្ហាសកលលោកនានា។ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ថ្នាក់ដឹកនាំទាំងពីរបានយល់ស្របគ្នាថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងចូលរួមចំណែកដល់សមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ព្រមទាំងជួយការពារនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីហេតុនេះចាំបាច់ត្រូវតែសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយនេះក្នុងឆ្នាំនេះ។

នៅក្នុងជំនួបនោះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី​ មហាធា មហាម៉ាត់ ក៏បានអញ្ជើញ​ សម្ដេចតេជោហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្រប។ ជាការឆ្លើយតប សម្តេចតេជោ បានទទួលយកការអញ្ជើញដោយក្តីរីករាយ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការអញ្ជើញនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ចំពោះការស្វាគមន៍ និងការផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះឯកឧត្តម ព្រមទាំងគណៈប្រតិភូ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ៕