នៅរសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងសហការីអមដំណើរដោយលោកប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង បានចុះពិនិត្យជាក់ស្តែងដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពនិងវិសាលភាពទឹកទន្លេមេគង្គដែលក្នុងរយៈពេលប្រមាណជិត ២សប្តាហ៍កន្លងមកនេះ ទឹកបានចាប់ឡើងដល់កម្ពស់ដែលមានលទ្ធភាពហូរចូលតាមបណ្តាព្រែក,បឹងបួ,ទីទំនាបនិងប្រព័ន្ធធារាសាស្ត្រដែលពាក់ព័ន្ធដល់បណ្តាខេត្តដែលពឹងផ្អែកនូវរបបទឹកទន្លេ។គិតមកទល់បច្ចុប្បន្ននេះបណ្តាព្រែកប្រមាណ៩០% ត្រូវបានហូរចូល។ដោយឡែកសម្រាប់ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលយកប្រភពទឹកពីទន្លេមេគង្គផងដែរត្រង់ចំណុចឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលសរុបទាំង២ជំហានប្រមាណ ៣០០.០០០ហិកតា សម្រាប់៤ខេត្តមាន ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។