ការងារអប់រំនិងផ្សព្វផ្សាយដើម្បីផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះបរិស្ថាន និងការប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងជីវិតរស់នៅប្រចាំថ្ងៃ


«ការងារអប់រំនិងផ្សព្វផ្សាយដើម្បីផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះបរិស្ថាន និងការប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងជីវិតរស់នៅប្រចាំថ្ងៃក្នុងនោះរាប់ទាំងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកមិនអាចសម្រេចបានគោលដៅដោយគ្រាន់តែធ្វើឡើងរយៈពេល ២៤ ម៉ោងឡើយ ប៉ុន្តែត្រូវការពេលវេលាដើម្បីពន្យល់ឱ្យសាធារណជនបានយល់ដឹង ចងចាំ គាំទ្រ និងឱ្យពួកគាត់ ចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ដែលកើតចេញពីសកម្មភាពបំពុល ដោយប្លាស្ទិកចំពោះបរិស្ថាន និងវិធានការដាក់ចុះ»។ នេះជាការគូសបញ្ជាក់របសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៩ នេះអំឡុងពេលនៃជំនួបពិភាក្សាជាមួយក្រុមយុវជនអេកូយុវទូតជំនាន់ប្លាស្ទិកនៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាក្រសួងបរិស្ថានបានកោតសរសើរពោះក្រុមយុវជនអេកូយុវទូត ដែលបានចំណាយពេលវេលាចូលរួមនៅក្នុងសកម្មភាពសង្គម និងធ្វើសកម្មភាពដែលមានសារៈប្រយោជន៍ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ។

ឯកឧត្តម នេត្រ ភក្ត្រា បានចង្អុលបង្ហាញដល់យុវជនអេកូយុវទូតគួររៀបចំគម្រោងការផ្សព្វផ្សាយអប់រំអំពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដោយឈរនៅលើមូលដ្ឋានលិខិតគិតយុត្តិដូចជាអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក៏ដូចជាអនុក្រឹត្យនៃការគ្រប់គ្រងសំណល់រឹងជាដើម។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីសមិទ្ធផលការងារដែលក្រសួងបរិស្ថានបានសម្រេចក្នុងបុព្វហេតុបរិស្ថាន និងជីវៈចម្រុះព្រមទាំងបានបង្ហាញពីចក្ខុវិស័យនិងបេសកកម្មរបស់ក្រសួងក៏ដូចជាកិច្ចខិតខំប្រឹងប្រែងនានាដែល រាជរដ្ឋាភិបាលកម្ពុជាបានធ្វើក្នុងការគ្រប់គ្រងសំណល់រឹងរាវ ជាពិសេសការគ្រប់គ្រងថង់ប្លាស្ទិក ព្រមទាំង បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពផ្សេងៗក្នុងការគ្រប់គ្រងសំណល់សំរាម ក៏ដូចជាការរៀបចំតាក់តែងនូវគោលនយោបាយអភិវឌ្ឍដោយចីរភាព ក៏ដូចជាការបង្កើតនូវយន្តការផ្សេងៗដើម្បីគ្រប់ គ្រងប្រកបដោយប្រសិទ្ធភាពនូវសំណល់រឹងរាវ និងការកាត់បន្ថយការផលិត ការនាំចូល ការប្រើប្រាស់ថង់ ប្លាស្ទិក។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ក្នុងការគ្រប់គ្រងថង់ប្លាស្ទិក រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកដោយបានផ្តោតលើចំណុចសំខាន់ចំនួន ៤៖ ទី១. ការកំណត់ប្រភេទទំហំកម្រាស់លើថង់ប្លាស្ទិកស្តើងមានដៃយួរត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និង ការប្រើប្រាស់ (កម្រាស់០,០៣ មិល្លីម៉ែត្រ និងរង្វាស់ទទឹងបាត ២៥ សង្ទីម៉ែត្រ)។ ទី២. ការលើកទឹកចិត្ត៖ ការនាំចូលនិងផលិតប្លាស្ទិកឬសម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ ឬជីវប្លាស្ទិក ដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ។ ទី៣.ការនាំចូលឬផលិតថង់ប្លាស្ទិកនឹងជាប់អាករពិសេស និងទី៤. ការអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៖ ការផ្តល់ថង់ប្លាស្ទិកនៅតាមទីផ្សារទំនើបនិងនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ត្រូវគិតតម្លៃបន្ថែម។ ឯកឧត្តមបានលើកឡើងថា ថង់ប្លាស្ទិកត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយទេ។