រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ណែនាំដល់យុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវរឹតចំណងមិត្ដភាព និងបង្ហាញយុវជនប្រទេសដទៃទៀត ពីការរីកចម្រើនរបស់កម្ពុជា


រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងណែនាំដល់យុវជនកម្ពុជា ដែលត្រូវទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគេ្នយ៍ និងជប៉ុន លើកទី៤៦ ក្នុងឆ្នាំ២០១៩នេះ ត្រូវពង្រឹងសមត្ថភាព និងរឹតចំណងមិត្ដភាពរវាងយុវជននៃប្រទេសដទៃឱ្យកាន់តែប្រសើរ ជាពិសេសត្រូវបង្ហាញឱ្យយុវជននៃបណ្ដាប្រទេសដទៃ បានស្គាល់ពីវប្បធម៌ កេរ្ដិ៍ឈ្មោះ បេតិកភណ្ឌ និងការអភិវឌ្ឍដ៏រីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការថ្លែងបែបនេះឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសទទួលជួបសម្ដែងការគួរសម ពីសំណាក់យុវជនកម្ពុជា ដែលនឹងចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានណែនាំការរីកចម្រើន និងការងារសំខាន់នៃវិស័យសុខាភិបាល ដើម្បីយកទៅចែករំលែកទៅដល់បណ្ដាយុវជននៃអាស៊ីអាគ្នេយ៍ និងជប៉ុនផងដែរ។ លើសពីនោះ លោកបានជំរុញលើកទឹកចិត្ដឱ្យយុវជនកម្ពុជា ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្ហាញទៅកាន់យុវជនប្រទេសដទៃថា ពលរដ្ឋកម្ពុជា ពិតជាមានសាមគ្គីភាព ចេះស្រឡាញ់គ្នា និងរក្សានូវអាកប្បកិរិយាល្អប្រកបដោយភាពវិជ្ជមានរបស់ខ្លួន ចំពោះយុវជនដ៏ទៃទៀត ដើម្បីទទួលបានការគោរពស្រឡាញ់ ពីគ្នាទៅវិញទៅមក។

ក្នុងឱកាសនោះ កញ្ញា ស៊ុន មល្លីកា ប្រធានក្រុមប្រតិភូយុវជន កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ក្នុងឆ្នាំនេះ រួមជាមួយនឹងប្រតិភូយុវជនកម្ពុជាទាំង២៧នាក់ផ្សេងទៀតបានឱ្យដឹងថា ពួកគេពិតជាមានមោទនភាពណាស់ ដែលមានឱកាសក្លាយជាយុវទូតសុឆន្ទៈរបស់កម្ពុជា ចូលរួមនៅក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ដែលនឹងប្រារព្ធធើ្វឡើងនាពេលដ៏ខ្លីខាងមុខ នៅប្រទេសជប៉ុន អមជាមួយនឹងដំណើរតាមនាវា ទៅកាន់ប្រទេស៤ផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។

ជាមួយនឹងបេសកកម្មនៅក្នុងដៃ ផ្សារភ្ជាប់នឹងស្មារតីក្រុមដ៏ម៉ឺងម៉ាត់និងស្វាហាប់ ប្រតិភូយុវជនកម្ពុជាទាំង២៨រូប បានសន្យាថា នឹងបង្ហាញជូនដល់យុវជនបណ្តាប្រទេសផ្សេងទៀត ក៏ដូចជាអន្តរជាតិទាំងមូលឱ្យឃើញថា ប្រទេសខ្មែរ ជនជាតិខ្មែរ និងយុវជនខ្មែរ មិនត្រឹមតែមានវប្បធម៌ដ៏ល្អផូរផង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចំណេះដឹងពេញខ្លួន ប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរថែមទៀតផង។

យុវជនទាំ២៨រូប បានធ្វើការប្តេជ្ញាចិត្តថា នឹងបន្តរក្សាស្មារតីស្វះស្វែងរកចំណេះដឹង តាមរយៈការសិក្សាក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យបានរីកចម្រើន, បន្តធ្វើខ្លួនឱ្យក្លាយទៅជាប្រជាពលរដ្ឋ ដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពច្បាប់យ៉ាងម៉ត់ចត់។

ជាងនេះទៅទៀត នឹងធ្វើការលើកទឹកចិត្តឱ្យយុវជនទាំងអស់គ្នាចេះស្រឡាញ់ ឱ្យតម្លៃគ្នាទៅវិញទៅមក និងបណ្តុះស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី ជាពិសេស បន្តចូលរួមធ្វើការងារសង្គម ក៏ដូចជាការងារស្ម័គ្រចិត្ត ដើម្បីយល់ដឹងបន្ថែម អំពីបញ្ហាដែលសហគមន៍កំពុងប្រឈម និងដោះស្រាយបញ្ហាទាំងអស់នោះ តាមតែសមត្ថភាព និងលទ្ធភាពដែលខ្លួនមាន៕