ក្រសួងទេសចរណ៍ប្រកាសឱ្យអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី គោលការណ៍ណែនាំអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ


ក្រសួងទេសចរណ៍ នាថ្មីៗនេះ បានប្រកាសឱ្យអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៣១សសរ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្តីពី «គោលការណ៍ណែនាំអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ»។ គោលការណ៍ណែនាំនេះ មានគោលដៅជំរុញការចូលរួមអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ ឲ្យក្លាយជាផលិតផលទេសចរណ៍ ប្រកបដោយគុណភាពសុវត្ថិភាពនិងនិររន្តរភាព។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងថា សេចក្តីសម្រេចនេះ មានគោលដៅដាក់ឲ្យអនុវត្ត «គោលការណ៍ណែនាំអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ» ប្រកបដោយប្រសិទ្ធភាព សំដៅដល់ ការចូលរួមអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរសមុទ្រឲ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយគុណភាពសុវត្ថិភាពនិងនិររន្តរភាព។ ឯកសារនេះ គឺជាឯកសារគ្រឹះសម្រាប់ធានាការអភិវឌ្ឍ និងការគ្រប់គ្រងរមណីយដ្ឋានឆ្នេរសមុទ្រ ប្រកបដោយនិរន្តរភាពបរិស្ថាន រក្សាបាននូវ សណ្តាប់ធ្នាប់សាធារណៈ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកតម្កើងឧត្តមភាពរបស់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជា គោលដៅ ទេសចរណ៍កម្រិតអន្តរជាតិដ៏ទាក់ទាញ ដែលផ្តល់នូវបទពិសោធន៍គុណភាពខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ផ្អែកលើសក្តានុពល និងលក្ខណៈពិសេសនៃធម្មជាតិតំបន់ឆ្នេរសមុទ្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាកំណត់បែងចែករមណីយដ្ឋានឆ្នេរសមុទ្រជា ៥ប្រភេទ គឺ៖ ទី១. ឆ្នេរអភិរក្សស្នូល ទី២. ឆ្នេរអេកូទេសចរណ៍ ទី៣.ឆ្នេរកម្សាន្តបែបប្រណិត ទី៤. ឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ និងទី៥.ឆ្នេរកម្សាន្តសាធារណៈកម្រិតទាប។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់ទម្រង់អ្នកអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ (Developer) ជា០២ប្រភេទ គឺ (ទី១). អ្នកអភិវឌ្ឍជារដ្ឋ (StateManagement) និង(ទី២).អ្នកអភិវឌ្ឍឆ្នេរមានទម្រង់ចម្រុះ (Co-Management)ដែលអាចជាភាពជាដៃគូ រដ្ឋ-ឯកជន  (PPP) ឬភាពជាដៃគូ សហគមន៍-រដ្ឋ-ឯកជន (CPPP) ដោយការអភិវឌ្ឍរបស់ផ្នែកឯកជន ឬសហគមន៍ គឺធ្វើឡើងក្រោមទម្រង់ (DBO-Design, Build, Operate) ដោយជាប់កិច្ចសន្យាជាមួយរដ្ឋផ្សាភ្ជាប់ ជាមួយសៀវភៅបន្ទុកមួយច្បាស់លាស់ និងបានគាំទ្រឱ្យមានការរៀបចំនូវធម្មនុញ្ញឆ្នេរ (Beach Charter)សម្រាប់ឆ្នេរនីមួយៗ ដោយផ្អែកលើគោលការណ៍ភាពជាដៃគូ រដ្ឋ-ឯកជន-ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍ (4Ps)ស្របអភិក្រមសមាហរណកម្មពីគ្រប់ភាគី (Integrated Approach)។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា (តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា) បានរៀបចំកែលំអរឆ្នេរនៅខេត្តព្រះសីហនុ និងបានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍ «ឆ្នេរអូត្រេះ ជាឆ្នេរកម្សាន្តបែបប្រណីត» (Luxury Beach) «ឆ្នេរអូឈើទាលជាឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់»( Popular Leisure Beach) និង «ឆ្នេរឯករាជ្យ ជាឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់» (Popular LeisureBeach)។

នាពេលខាងមុខផ្អែកលើសេចក្តីសម្រេចរបស់រាជដ្ឋាភិបាលកម្ពុជាស្តីពី «គោលការណ៍ណែនាំអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ»នេះ  គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងរៀបចំផែនការមេអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ (Master Plan) ដោយត្រូវមានភ្ជាប់ជាមួយនឹងផែនការគ្រប់គ្រង ទេសចរណ៍សម្រាប់ឆ្នេរនីមួយៗ  (Tourism Management Plan) របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងប្លង់គោលនិងផែនការប្រើប្រាស់ដី អមជាមួយការរៀបចំធម្មនុញ្ញ (Beach Charter) របស់ខ្លួន សំដៅកំណត់កាតព្វកិច្ចនៃភាគីនីមួយៗ ក្នុងការចូលរួមអភិវឌ្ឍ និងអភិរក្សបរិស្ថាន និងកាតព្វកិច្ចនៃការចូលរួម ហិរញ្ញវត្ថុទ្រទ្រង់ ការថែទាំឆ្នេរដែលមានប្រភពមកពីជាអាទិ៍៖ ថ្លៃប្រើប្រាស់ (user fee)Tourism- Levy ការបង់វិភាគទានឈរលើគោលការណ៍អ្នកបំពុលអ្នកបង់ (Polluter Payer) (ប៉ុន្តែមិនមានកម្រៃចូល-entrance fee) នោះទេ ក្នុងគោលបំណងដើម្បីចូលរួមដល់ការសម្រេចឱ្យបាន ចក្ខុវិស័យត្រៀម ទទួលទេសចរអន្តរជាតិឱ្យបាន ១លាននាក់ និងទេសចរជាតិប្រមាណ២លាននាក់ នៅឆ្នាំ២០២០ សម្រាប់ខេត្តព្រះសីហនុ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ ២០១៦-២០២៥ ៕