ឯកឧត្តម ចាន់ យុត្ថា បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅតាមបណ្ដាអាងទឹកសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ


ថ្ងៃព្រហស្បតិ៍ ៧កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមុខព្រួញចុះជួយខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅតាមបណ្ដាអាងទឹកសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ។ ឯកឧត្តមរដ្ឋលេខាធិការបានដាក់ចេញនូវវិធានការដល់មន្ទីរ ក្នុងការគ្រប់គ្រង និងអន្តរាគមន៍ទប់ទល់គ្រោះទឹកជំនន់ដែលបង្កឡេីងពីទឹកភ្លៀង ដោយប្រើប្រាស់គ្រឿងចក្រ រថយន្តស្ទូច កញ្រ្ចែងច្រកថ្ម ថ្មធំ និងសំបកបាវច្រកដី ដែលក្រសួងបានផ្ដល់ជូនមន្ទីរសម្រាប់អន្តរាគមន៍ឲ្យទាន់វេលា ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរិមា និងបានណែនាំឲ្យក្រុមការងារមន្ទីរយកចិត្តទុកដាក់ក្នុងការថែរក្សាទឹកទុក និងទម្លាក់ទឹកដែលលើសពីសេចក្ដីត្រូវការទៅស្តុកទុកឲ្យបានពេញអាងទឹកស្ទឹងស្រែងទី២ និងទី១ ព្រោះនាពេលកន្លងមកអាងទឹកទាំង២នេះបានបើកទម្លាក់ទឹកទៅស្រោចស្រពនៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបក្នុងបរិមាណប្រមាណជា៥០០លានម៉ែត្រគូប។ ពិនិត្យជារួមស្ថានភាពជំនន់ទឹកភ្លៀងដែលបានកើតឡេីងប៉ុន្មានថ្ងៃកន្លងមកនេះពុំមានបញ្ហាធ្ងន់ធ្ងរនោះទេនៅតែគ្រប់គ្រងបាន ប៉ុន្តែបន្តការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកនៅអាងទឹកតាម៉ុក បើកម្ពស់ទឹកបន្តហក់ឡេីងដល់កម្រិតប្រកាសអាសន្ន ចរាចរណ៍លើស្ពានតាម៉ុក និងត្រូវផ្អាកមួយរយៈពេលខ្លី។