នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងារចុះមកស្ដារលូនៅផ្លូវលេខ១៣៥ នៅសង្កាត់ទួលទំពូងទី១ និង បន្តចុះពិនិត្យ នៃការឈូសឆាយបើកផ្លូវចំនួយ២ខ្សែ ដើម្បីជីកដាក់ប្រពន្ធ័លូនិងចាក់បេតុងស្ថាបនាផ្លូវលេខ៤៧៦ និងផ្លូវលេខ៤៧៨ ស្ថិតនៅភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឯកឧត្តម ថេង សុថុល បានឲ្យដឹងថា ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី១ កំណាត់ផ្លូវ៤៧៤ នៅពេលភ្លៀងធ្លាក់មកមានការលិចលង់ដោយជំនន់ទឹកភ្លៀង ដូចនេះអាជ្ញាធរបានចុះបូមស្ដារលូដើម្បី រំដោះការលិចលង់ដោយទឹកភ្លៀងហូរលិចដក់នៅលើផ្លូវឡើងល្ហល្ហាចពេញៗផ្លូវធ្វើឲ្យបងប្អូនគាត់ងាយស្រួលធ្វើដំណើរពិសេសអ្នកធ្វើដំណើរដោយម៉ូតូ។
អភិបាលខណ្ឌចំការមន ឯកឧត្តម ថេង សុថុល បានលើកឡើងថា ដោយពិនិត្យឃើញក្រោយភ្លៀងធ្លាក់រួចមកគឺកន្លែងខាងលើនេះ តែងតែមានទឹកដក់នៅលើផ្លូវមានរយៈពេលយូរបង្កការលំបាក ក្នុងការធ្វើដំណើរទើបខាងអាជ្ញាធរចំការមន សហការជាមួយខាងអង្គភាពលូទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះមកបូមស្ដារនៅតាមអណ្ដូងលូត្រង់កន្លែងទឹកលិចដក់ នៅផ្លូវខាងលើនេះ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ ដើម្បីបងប្អូនគាត់ងាយស្រួលក្នុងការធ្វើដំណើរតាមយានយន្តចូលមកកណ្ដាលទីក្រុងភ្នំពេញ ឬមកកាន់ទីផ្សារទួលទំពូង ក្នុងការប្រកបមុខរបររកស៊ី និងបម្រើការងារនៅតាមក្រសួងមន្ទីរស្ថាប័នរដ្ឋ និង តាមបណ្ដាក្រុមហ៊ុនឯកជននានាផងដែរ។
ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌចំការមន បានឲ្យដឹងទៀតថា ក្រោយពីបូមស្ដារលូរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងពីលើផ្លូវរួច គឺក្រុមការងារបានចុះពិនិត្យការឈូសឆាយបើកផ្លូវលេខ ៤៧៦, ៤៧៨, ៤៨៨ដែលតភ្ជាប់គ្នាក្នុងមូលដ្ឋានសង្កាត់បី គឺសង្កាត់ទួលទំពូងទី១ ,សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវដែលកន្លងមក គេបិទផ្លូវនេះដោយប្រជាជននៅតំបន់នោះ គាត់គ្មានផ្លូវប្រើប្រាស់ហើយ ពេលនេះអាជ្ញាធរសង្កាត់ និងខណ្ឌចុះបើកផ្លូវនេះឡើងវិញដោយគ្រោងចាក់បេតុងនៅពេលឆាប់ៗខាងមុខនេះ ជូនប្រជាជនប្រើប្រាស់ជាមធ្យោបាយ ក្នុងការធ្វើដំណើរតាមយានយន្តពោលគឺមានផ្លូវមានក្ដីសង្ឃឹមកាត់បន្ថយភាពក្រីក្រផងដែរ៕