ទឹកជំនន់ជន់លិច ផ្លូវ និងដំណាំប្រជាពលរដ្ឋ, អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី និងកងកម្លាំង ចុះអន្តរាគមន៍ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ថវិកា


(ត្បូងឃ្មុំ)៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី រួមទាំងអភិបាលរងខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរស្រុក នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅគល់ស្ពានគីហ្សុណា ដែលបានលិចផ្លូវ ផ្ទះសម្បែង និងដំណាំរបស់ពលរដ្ឋ ព្រមទាំងចុះទៅពិនិត្យទីទួលសុវត្ថិភាពចំនួន៣កន្លែង ត្រៀមទុកសម្រាប់ ពលរដ្ឋមកស្នាក់នៅ ក្នុងឃុំជីរោទ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរខេត្តគ្រប់លំដាបថ្នាក់។

ក្នុងឱកាសចុះសួរសុខទុក្ខនោះឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានសម្តែងនូវក្តីអាណិតអាសូរដល់ពលរដ្ឋរងគ្រោះទាំងអស់ ដោយទឹកជំនន់ ជន់លិចផ្ទះសម្បែង និងដំណាំ ក៏ដូចជា លិចផ្លូវកាត់ផ្តាច់ការធ្វើដំណើររបស់ពួកគាត់ ទោះបីកម្ពស់ទឹកប្រកាសអាសន្ននៅប្រហែលជាកន្លះម៉ែត្រទៀតក៏ដោយ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូន ក៏ដូចជាផ្តល់ជូនថវិការផ្ទាល់ខ្លួនមួយចំនួនដល់ពលរដ្ឋនៅទីនោះ ដើម្បីជួយសម្រួលជីវភាព ពិសេសនឹងមានការផ្តល់ជូនអំណោយនានា ជាបន្តបន្ទាប់បន្ថែមទៀត ព្រមទាំងផ្តល់ជូនថវិកាដល់កងកម្លាំង ដើម្បីជាការលើកទឹកចិត្ត ដែលខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការជម្លៀសពលរដ្ឋ រុះរើផ្ទះសម្បែង ជួយសាងសង់រោងស្នាក់នៅបណ្តោះអាសន្ន ក៏ដូចជាថែរក្សាសុវត្ថិភាពជូនពលរដ្ឋផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលនៅប្រចាំការនៅទីនោះ និងសូមឲ្យក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋជាបន្តទៀត។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ ត្រូវមើលថែរក្សាសមាជិកគ្រួសារ ពិសេសកូនតូចៗ និងមនុស្សចាស់, ត្រូវពិសារទឹកឆ្អិនជានិច្ច និងត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស បង្កការគ្រោះថ្នាក់ដល់បងប្អូន។ បើមានបញ្ហាអ្វី សូមរាយការណ៍ទៅអាជ្ញាធរ និងក្រុមគ្រូពេទ្យដែលមានប្រចាំការពេញ២៤ម៉ោង ដើម្បីជួយដល់បងប្អូនភ្លាមៗ។

សូមបញ្ជាក់ថា ទឹកជំនន់ឆ្នាំនេះរងផលប៉ះពាល់ដល់ស្រុកចំនួន៣នោះគឺ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកអូររាំងឪ។ ដោយឡែកស្រុកដែលប៉ះពាល់ខ្លាំងនោះគឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។

បើតាមរបាយការណ៍ឯកឧត្តម សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ ពីវឌ្ឍនភាពនៃការងារគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់គិតត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា មានដូចខាងក្រោម៖

*ទី១៖ ផ្លូវបេតុងតាមបណ្តោយដងទន្លេមេគង្គពីឃុំទន្លេបិទ ទៅឃុំពាមជីលាំង មិននអាចចរាចរបានទៀតទេ ដោយទឹកបានជន់លិចកន្លែងខ្លះមានកម្ពស់ជិត ០,៥ម៉ែត្រ
*ទី២៖ ប្រជាពលរដ្ឋចំនួន ១៦៩គ្រួសារស្មើនឹង ៦០៤នាក់ បានជម្លៀសមកពីឃុំជីរោទ៍ទី១ និងឃុំទន្លេបិទ និងនាំសត្វពាហនៈមកស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព
*ទី៣៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះជួយសង់ជម្រកជូនបងប្អូនប្រជាពលរដ្ឋ រៀបចំស៊ីទែនទឹក បង្គន់អនាម័យសម្រាប់ប្រើប្រាស់
*ទី៤៖ ការច្រកខ្សាច់ទប់ស្កាត់ការបាក់ច្រាំងទន្លេចំណុចផ្លូវកែងភូមិកំពង់ឫស្សី ឃុំជីរោទ៍ទី១ បានស្មើដល់ផ្លូវបេតុង ធានាទប់ស្កាត់បានការបាក់ច្រាំងតទៅទៀត។

ដោយឡែកឯកឧត្តម សយ ទូច អភិបាលស្រុកក្រូចឆ្មារ ឲ្យដឹងដែរថា ស្ថានភាពទឹកជំនន់នៅស្រុកក្រូចឆ្មារ បានបណ្តាលឱ្យមានការបាក់ច្រាំង ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់មាត់ទន្លេ ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពស្រុកបានធ្វើការ រុះរើផ្ទះចំនួនពីរទីតាំងបានចំនួន៩ខ្នង និងជន្លៀសពលរដ្ឋទៅ ទីទួលសុវត្ថិភាពតាមបណ្តាឃុំទាំង១0 នៃស្រុកក្រូចឆ្មារផងដែរ៕