ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០


នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលក្រុមការងារទាំងបួនរួមមាន គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនវិស័យបរិស្ថាន ក្រុមការងារបច្ចេកទេសយេនឌ័រវិស័យបរិស្ថាន និងក្រុមការងារបច្ចេកទេសកុមារតូចវិស័យបរិស្ថាន បានរៀបចំសិក្ខាសាលារួមគ្នា ហើយបានក្លាយជាឱកាសដ៏សំខាន់ក្នុងការជួបជុំពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍គ្នា ដើម្បីពិនិត្យនូវវឌ្ឍនភាពការងារកន្លងមក កំណត់នូវបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដោយចាប់ដៃគ្នាអនុវត្តជាធ្លុងមួយ ក្នុងបុព្វហេតុគាំពាសុខមាលភាពមន្រ្តីរាជការ ពង្រឹងប្រសិទ្ធភាពការងារ និងការចូលរួមរបស់យុវជន ស្រ្តី និងកុមារ សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើនកិត្យានុភាពរបស់ក្រសួងបរិស្ថានទាំងមូល។
ក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំង៤ ដែលបានខិតខំរៀបចំនិងសហការគ្នាយ៉ាងល្អ រៀបចំឱ្យមានវេទិកាដ៏មានសារ:សំខាន់នេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ត និងប្រពន្ធ័នយោបាយរបស់ប្រទេសមួយចំនួនលើសកលលោក និងបានផ្តល់អនុសាសន៍ទាក់ទងនឹងលក្ខណៈសម្បត្តិក្នុងនាមជាមន្រ្តីរាជការល្អ យុវជនជំនាន់បន្តវេន ស្រ្តីជានារីរតនៈ និង ការលើកកម្ពស់ និងផ្តល់ឱកាសសមភាពយេនឌ័រ កុមារតូច ក្នងវិស័យបរិស្ថាន ដែលក្រសួងបានអនុវត្តកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្សព្វផ្សាយពីផែនការយុទ្ធសាស្រ្ត និងផែនទីឯកភាពការងារសម្រាប់ឆ្នាំ២០៥០ដែលផ្តោតលើ
១.រក្សាបាននូវកំនើនសេដ្ឋកិច្ចប្រមាណ៧ភាគរយ ធន់នឹងវិបិត្ត
២.បន្តថែរក្សានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ
៣.ធានាបាននូវកំនើនការងារជាពិសេសក្នុងស្រទាប់យុវជន
៤.ពង្រឹងអភិបាលកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
គួរបញ្ជាក់ថា សិក្ខាសាលាបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថាន បានប្រមូលផ្តុំសិក្ខាកាមជាង ១០០នាក់ អញ្ជើញមកពីក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសយេនឌ័រវិស័យបរិស្ថាន ក្រុមការងារបច្ចេកទេសកុមារតូចវិស័យបរិស្ថាន មន្រ្តីរាជការជាយុវជន និងជនបង្គោលនៅតាមអង្គភាពចំណុះក្រសួង និងមន្ទីរបរិស្ថានរាជធានី-ខេត្ត។