ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅត្រួតពិនិត្យ និងចាត់វិធានការទប់ស្កាត់ការបាក់ច្រាំងទន្លេស្ថិតនៅភូមិកំពង់ឬស្សី ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ការបាក់ច្រាំងនេះ កំពុងបង្កការគំរាមកំហែងដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និងអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវបេតុងតាមមាត់ទន្លេនោះផងដែរ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំឲ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរស្រុកត្រូវយកចិត្តទុកដាក់ តាមដានការវិវឌ្ឍន៍នៃការបាក់ច្រាំង និងជូនដំណឹងដល់ប្រជាពលរដ្ឋ ទាន់ពេលវេលា ដើម្បីកុំឲ្យរងគ្រោះដោយប្រការណាមួយ។