ឯកឧត្តម ចាន់ យុត្ថា និងឯកឧត្តម ប៉ែន កុសល្យ ចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកស្ទឹងស្រែងទី១ និងទី២ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ


ថ្ងៃសៅរ៍ ៩កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកស្ទឹងស្រែងទី១ និងទី២ ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

សូមបញ្ជាក់ជូនថា នៅដើមសប្តាហ៍នេះ តំបន់ជួរភ្នំដងរែក មានភ្លៀងធ្លាក់យ៉ាងជោគជាំ បង្កឲ្យមានជំនន់ទឹកភ្លៀង លិចលង់ភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធសង្គមមួយចំនួននៅក្នុងខេត្ត ទន្ទឹមនឹងនេះ បណ្ដាអាងទឹកធំៗមួយចំនួន ក៏មានទឹកជន់ឡើង ដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នផងដែរ ។ ចំពោះមុខសភាពការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមអភិបាលខេត្ត បានចាត់ចែងអោយមានកម្លាំងសហការគ្នា ប្រចាំការនៅតាមគោលដៅសំខាន់ៗដើម្បីត្រៀមអន្តរាគមន៍ ។

មកដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះស្ថានភាពទឹកជំនន់ នៅខេត្តឧត្តរមានជ័យ បានធូរស្រាលមួយកម្រិតធំហើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ឯកឧត្តមរដ្ឋលេខាធិការ ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ទីរជំនាញត្រូវបន្តយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងស្ថានភាពនេះឲ្យជាប់ជាប្រចាំរហូតដល់មានសុវត្ថភាពទាំងស្រុង ។ ទន្ទឹមនេះ ក៏ត្រូវបន្តបញ្ជូនទឹកដែលលើសពីតម្រូវការក្នុងការស្តុកទុកក្នុងអាងទៅកាន់ខេត្តសៀមរាប និងអាងត្រពាំងថ្ម របស់ខេត្តបន្ទាយមានជ័យ ដើម្បីស្តុកទុកសម្រាប់ប្រើប្រាស់នាពេលខាងមុខ ៕