ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន ច័ន្ទតារា នៅភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់។ សូមបញ្ជាក់ថាផ្ទះសំណាញ់នេះ បានទទួលការឧបត្ថម្ភពីអង្គការ IFAD តាមរយ:គម្រោង ASPIRE សម្រាប់ដាំបន្លែសុវត្ថិភាពបម្រើឲ្យសេចក្តីត្រូវការទីផ្សារ។ លោក មិញ ថន ប្រធានក្រុមផលិតបន្លែ បានលើកឡើងថាបច្ចុប្បន្នក្រុមនេះមានសមាជិក ៣០នាក់ តាមគ្រួសារនីមួយៗបានដាំបន្លែច្រើនប្រភេទផ្សេងៗគ្នាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
បន្ទាប់ពីបានពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមប្រព័ន្ធ hydroponic រួចមក លោកបានលើកទឹកចិត្តដល់សមាជិកក្រុមផលិតបន្លែឲ្យខិតខំបន្ថែមទៀត បើទោះបីស្ថិតក្នុងដំណាក់កាលចាប់ផ្តើមដំបូង ប្រឈមបញ្ហាបច្ចេកទេស ការចងក្រងសមាគម និងទីផ្សារក៏ពិតមែន តែបើយើងខិតខំពុះពារ រួមសាមគ្គីគ្នា និងសិក្សារៀនសូត្របច្ចេកទេសបន្ថែម នោះភាពជោគជ័យនៅមិនឆ្ងាយពីដៃរបស់យើងឡើយ។ ហេតុនេះ លោកបានណែនាំឲ្យមន្ទីរ ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រិះរកគ្រប់មធ្យោបាយ វិធីសាស្រ្តដើម្បីជួយឲ្យផលិតកម្មបន្លែសុវត្ថិភាពរបស់ក្រុមផលិតនេះដំណើរការទៅដោយរលូន លូតលាស់ល្អ និងទទួលបានជោគជ័យ និងជាពិសេសប្រើប្រាស់ និងទាញយកប្រយោជន៍ពីផ្ទះសំណាញ់នេះឲ្យអស់លទ្ធភាព ដើម្បីកែលម្អ កម្រិតជិវភាព តាមរយ:កំណើនផលិតផលបន្លែ។ ដោយឡែកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងជួយរៀបចំឡជីវឧស្ម័នតាមសមាគមដើម្បីទាញយកប្រយោជន៍ពីសំណល់ឡ និងភ្លើងប្រើប្រាស់ក្នុងផ្ទះសំណាញ់។ (-កម្មវិធីទី០៤:)