អភិបាលខណ្ឌច្បារអំពៅ នាំអំណោយកាកបាទក្រហម និងពិសារនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋ នៅក្នុងសហគមន៍ស្មសាន សង្កាត់ច្បារអំពៅ២


នៅថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ដែលរស់នៅក្នុងសហគមន៍ ស្មសាន ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២។

ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះ ឯកឧត្តម ចេង មុនីរ៉ា បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ និងមន្រ្តីអនុ សាខាកាកបាទក្រហមខណ្ឌ ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូន។

ឯកឧត្តមអភិបាលខណ្ឌ បានលើកឡើងផងដែរពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងតាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។

ឯកឧត្តមអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនទាំងអស់ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យគ្រួសារយើង មានជីវភាព កាន់តែប្រសើរឡើង។ នៅក្នុងមឱកាសនោះដែរ ឯកឧត្តមអភិបាលខណ្ឌ ចេង មុនីរ៉ា បានរៀបចំឲ្យមានកម្មវិធីពិសារនំបញ្ចុកសាមគ្គី ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ស្មសាន ប្រកបដោយក្តីសប្បាយរីករាយ និងស្និទស្នាលគ្នាផងដែរ៕