អភិបាលខេត្តកំពង់ធំ៖ អាជ្ញាធរនឹងកសាងផ្លូវថ្មីមួយវៀងតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីនិរន្តរភាពសម្បត្តិបេតិកភណ្ឌក្នុងបុរាណដ្ឋាននេះ


(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា នាពេលអនាគត អាជ្ញាធរនឹងកសាងផ្លូវថ្មីមួយវៀងចេញពីតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីរក្សានិរន្តរភាពសម្បត្តិ បេតិកភណ្ឌពិភពលោក ក្នុងបុរាណដ្ឋានដ៏ចំណាស់មួយនេះ ដើម្បីឲ្យរថយន្តធុនធំឆ្លងកាត់ មិនបណ្ដោយឱ្យមានការឆ្លងកាត់ប៉ះពាល់ដល់តំបន់ប្រាសាទដូចពេលបច្ចុប្បន្នទៀតនោះឡើយ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម សុខ លូ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ ប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅតំបន់ប្រាសាទសំបូរព្រៃគុក នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា តំបន់ប្រាសាទសំបូរព្រៃគុកនេះ បន្ទាប់ពីបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមក មានអាជ្ញាធរជាតិសំបូរព្រៃគុកមួយជាអ្នកគ្រប់គ្រង មិនមែនស្ថិតក្រោមការគ្រប់គ្រងផ្ដាច់មុខរបស់អាជ្ញាធរខេត្ត ឬស្រុក ឬឃុំ ដូចមុនទៀតឡើយ ប៉ុន្តែការសាងសង់សំណង់ផ្សេងៗនៅក្នុងតំបន់នេះ ត្រូវស្នើសុំទៅកាន់អាជ្ញាធរ ដើម្បីឱ្យក្រុមការងារត្រួតពិនិត្យជាមុនសិនថា «តើការសាងសង់នោះមានការប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌដែរឬអត់?» ប្រសិនបើគ្មានអ្វីប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌនៅក្រោមដីទេ អាជ្ញាធរនឹងអនុញ្ញាតឱ្យសាងសង់ភ្លាម។

ឯកឧត្តមបានបន្តថា ការកំណត់ចំពោះការសាងសង់បែបនេះ ក៏ដោយសារមានការបញ្ជាក់ថា នៅក្រោមដីនៃតំបន់ប្រាសាទសំបុរព្រៃគុកនេះ នៅមានស្លាកស្នាមប្រាសាទ និងសម្បត្តិបេតិកភណ្ឌ ច្រើនណាស់ ក្រោយពីមានការឆ្លុះពីលើអាកាសរបស់ក្រុមអ្នកជំនាញជាតិ-អន្តរជាតិ។

ឯកឧត្តម សុខ លូ បានបន្តទៀតថា កន្លងមក ធ្លាប់មានការរិះគន់ចំពោះផ្លូវធ្វើដំណើរបច្ចុប្បន្ន ដែលឆ្លងកាត់ចូលចំកណ្ដាលក្រុងឥសានបុរៈ ដោយបន្ទោសទៅលើអាជ្ញាធរស្រុកប្រាសាទសម្បូរណ៍។

ឆ្លើយតបនឹងការរិះគន់ខាងលើនេះ ឯកឧត្តមអភិបាលខេត្តបានបំភ្លឺថា «ការកសាងផ្លូវនេះមិនមែនជាសមត្ថកិច្ចរបស់អាជ្ញាធរស្រុកទេ គឺជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិសំបុរព្រៃគុក តែអាជ្ញាធរស្រុកប្រាសាទសម្បូរណ៍ ក៏មិនមែនមិនខ្វាយខ្វល់ចំពោះបញ្ហានេះឡើយ ដោយនឹងរួមគ្នាកសាងផ្លូវថ្មីមួយវៀងចេញពីតំបន់ប្រាសាទសំបុរព្រៃគុកនេះ ហើយផ្លូវវៀងនេះ គឺអនុញ្ញាតឱ្យរថយន្តធន់ធំឆ្លងកាត់»។

ឯកឧត្តមថា ផ្លូវបច្ចុប្បន្នចូលក្នុងតំបន់ប្រាសាទនេះ ត្រូវបានកសាង និងប្រើប្រាស់កាលពីជំនាន់អាណានិគមបារាំង សម្រាប់ថ្មើរជើង បររទេះគោ-ក្របី ជិះដំរីជាដើមប៉ុណ្ណោះទេ តែមកដល់សម័យបច្ចុប្បន្ន ផ្លូវនេះត្រូវបានប្រើប្រាស់សម្រាប់យានយន្តគ្រប់ប្រភេទ ដែលជាការបង្កហានីភ័យដល់សម្បត្តិបេតិកភណ្ឌ។ ប៉ុន្តែទោះយ៉ាងណា លោកអភិបាលខេត្ត សុខ លូ បានបញ្ជាក់ថា គម្រោងការសាងផ្លូវខាងលើនេះ អាចនឹងធ្វើឡើងនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយតែម្តង។

ឯកឧត្តមបានពន្យល់បន្ថែមថា «កាលណាប្រទេសជាតិយើងមិនខិតខំរក្សានិរន្តរភាពនៅតំបន់ប្រាសាទសំបូរព្រៃគុកនេះទេ អង្គការយូណេស្កូ នឹងលុបតំបន់ប្រាសាទចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ជាក់ជាមិនខាន ដូច្នេះទើបចាំបាច់ឱ្យការគ្រប់គ្រងយ៉ាងត្រឹមត្រូវ ពីសំណាក់អាជ្ញាធរសំបុរព្រៃគុក»។

មិនខុសពីការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ឡើយ ការចាត់ចែងការងារដូចខាងលើនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន ហើយផលប្រយោជន៍ក៏បានដល់ដៃប្រជាពលរដ្ឋមូលដ្ឋាននេះផ្ទាល់ និងមុនដំបូងបង្អស់ ៕