កិច្ច​ប្រជុំ​បណ្ដាញ​ស្ដីពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​សម្រាប់​វិស័យ​អប់រំ (ICT4E) ឆ្នាំ២០១៩


រាជធានី​ភ្នំពេញ៖ កិច្ច​ប្រជុំ​បណ្ដាញ​ស្ដីពី​បច្ចេកវិទ្យាព័ត៌មាន និង​សារ​គមនាគមន៍​សម្រាប់​វិស័យ​អប់រំ(ICT4E) គឺ​ជា​វេទិកា​ពិភាក្សា​លើ​អន្តរាគមន៍​នានា​ពាក់ព័ន្ធICT ក្នុង​គោលបំណងរួមចំណែកក្នុងការអភិវឌ្ឍ និងពង្រឹងគុណភាពអប់រំ នៅកម្ពុជា ធានា​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​សេដ្ឋកិច្ច​ឌីជីថល និង​ឧស្សាហកម្ម​ជំនាន់​ទី​៤។

វេទិកា​នេះ​អនុញ្ញាត​ឱ្យ​ភាគី​រដ្ឋាភិបាល ​ដៃ​គូ​អភិវឌ្ឍ អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​ដែល​បាន​នឹង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន និង​សារ​គមនាគមន៍ សម្រាប់​ការ​អប់រំ នៅក្នុងប្រទេសកម្ពុជា ធ្វើ​បច្ចុប្បន្នភាព​ពិភាក្សា​ផ្តោះប្តូរ​យោបល់​កំណត់​បញ្ហា​ប្រឈម និង​ស្វែងរកដំណោះស្រាយ និង​រួមគ្នា​បង្កើត​កិច្ចសហការ និង​កិច្ច​អភិវឌ្ឍ​នានា។ មិន​តែប៉ុណ្ណោះ កិច្ចប្រជុំនេះ បើកទូលាយសម្រាប់អង្គការជាតិ/អន្តរជាតិ និង​វិស័យ​សាធារណៈ​/​ឯកជន​ដែល​ធ្វើ ការ​លើ​ការ​អភិវឌ្ឍ បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​អប់រំ។

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អង្គការ​ជាតិ អន្តរជាតិ វិស័យ​សាធារណៈ និង​ឯកជន ដៃគូ​អភិវឌ្ឍ​ប្រមាណ​ជាង​៤០ស្ថាប័ន។ ក្នុង​ឱកាស​នោះ​លោក​ជំទាវ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​រវាង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​​ទិន្នន័យ​ដើម្បី​ការ​អភិវឌ្ឍ និង​បណ្ដាញ​ ICT ​សម្រាប់​ការ​អភិវឌ្ឍ (ICT4D) ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​កិច្ច​ប្រជុំ​នេះ​ឡើង។ ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​បាន​បាន​មាន​ប្រសាសន៍​ថា ​បច្ចុប្បន្ន​ការ​អប់រំ​បែប​ឌីជីថល កំពុង​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិភាព​សំខាន់​សម្រាប់​ការ​អប់រំ៕

១១ កញ្ញា ២០១៩ | មជ្ឈមណ្ឌល​ដាកូនី រាជធានី​ភ្នំពេញ