តុលាការចេញដីការកោះហៅ លោក សម រង្ស៉ី និងបក្ខពួក២នាក់ទៀត ចូលសវនការជំនុំជម្រះលើករណី ប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍


នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានយកដីការបស់តុលាការ ទៅបិទនៅអតីតស្នាក់ការរបស់ អតីតគណបក្សសង្រ្គោះជាតិ ដើម្បីបញ្ជាក់អំពីការកោះហៅ លោក សម រង្ស៉ី, លោក ហូរ វ៉ាន់ និង លោក កាក់ កុម្ភារ ឱ្យចូលទៅកាន់សវនាការជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធនឹងករណីប្រមាថ និងញុះញង់ឱ្យមានបទឧក្រិដ្ឋជាអាទ៌។

សំណុំរឿងប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ត្រូវបានតុលាការបិទការស៊ើបសួរ និងបានបញ្ជូនទៅចៅក្រមជំនុំជម្រះ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។ ក្នុងសំណុំរឿងនេះ លោក សម រង្ស៉ី លោក ហូ វ៉ាន់ និងកាក់ កុម្ភារ ត្រូវបានចោទប្រកាន់ ពីបទ ផ្តើមគំនិតប្រមាថ និងញុះញង់ឲ្យប្រព្រិតបទឧក្រិដ្ឋជាអាទិ៍ ចំណែក ឈ្មោះ គង់ មាស់ ត្រូវបានចោទប្រកាន់ពីបទ ប្រមាថ និងញុះញង់ឲ្យប្រព្រិតបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ។

សំណុំរឿងនេះ មានជនត្រូវចោទមាន៤នាក់ ក្នុងនោះមាន លោក សម រង្សុី , លោក គង់ ម៉ាស់ លោក ហូ វ៉ាន់ និងកាក់ កុម្ភារ ដែលបានប្រព្រឹត្តបទល្មើសក្នុងកំឡុងខែមេសា ដល់ តុលា ឆ្នាំ២០១៨។ លោក គង់ ម៉ាស់ អតីតសកម្មជនក្រុមប្រឆាំង រស់នៅភូមិខ្លាលោតឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល។ ខណៈដែលជនត្រូវចោទ៣នាក់ផ្សេងទៀត លោក សម រង្សុី , លោក ហូ វ៉ាន់ និងកាក់ កុម្ភារ កំពុងគេចខ្លួននៅឡើយ។

បើតាមរបាយការណ៍សមត្ថកិច្ច, ក្រោយការចាប់ខ្លួនអតីតសកម្មជនក្រុមប្រឆាំងនេះ សមត្ថកិច្ចបានរកឃើញមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមបញ្ជារបស់បុគ្គល សម រង្សី៕