(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនលោកស្រី ខាំ ភៀន ភរិយារបស់ព្រឹទ្ធាចារ្យ ប៊ូ ថង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងជន្មាយុ៨២ ឆ្នាំ ដោយរោគាពាធ។
ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ប៊ូ ថង សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ព្រឹទ្ធាចារ្យ ប៊ូ ថង បានខិតខំលើកកម្ពស់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង របស់បងប្អូនជនជាតិភាគតិច ហើយបានចូលរួមប្រែក្លាយតំបន់ភូមិភាគឦសាន ឲ្យក្លាយជាតំបន់មានការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស និងបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុង ការបម្រើស្ថាប័នព្រឹទ្ធសភា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ក្នុងឱកាសប្រកបដោយសមាទុក្ខដ៏ក្រៀមក្រំបំផុតនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។ ភរិយាខ្ញុំ និងខ្ញុំ សូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធឯកឧត្តម ប៊ូ ថង ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»៕