សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត អញ្ជើញទៅពិនិត្យទំនប់វារីអគ្គីសនីដងសាហុងរបស់ប្រទេសឡាវ


ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានកាត់ខ្សែបូរសម្ពោធច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងជាប់នឹងខេត្តចំប៉ាសាក់រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវបានអញ្ជើញទៅពិនិត្យទំនប់វារីអគ្គីសនីដងសាហុងរបស់ប្រទេសឡាវដែលមានម្ងាយប្រមាណ៩គមពីព្រំដែនខេត្តស្ទឹង ត្រែងកម្ពុជា ដែលស្ថិតនៅក្នុងតំបន់ស៊ីផាន់ដនភាគខាងត្បូងប្រទេសឡាវ។ ទំនប់វារីអគ្គីសនីនេះមានកម្ពស់ប្រហែលពី ៣០ ម៉ែត្រ ទៅ ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ ២៦០មេហ្គាវ៉ាត់។ នៅក្នុងទឹកដីឡាវព្រឹកមិញនេះ សម្តេចតេជោ បានអញ្ជើញចូលថ្វាយបង្គំព្រះសង្ឃដែលគង់នៅវត្តមួយផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដែលបានលក់អគ្គីសនីក្នុងតម្លៃថោកមកអោយប្រទេសកម្ពុជា ដែលភាគច្រើនប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដើម្បីបំរើផលប្រយោជន៍រួម ជាពិសេសក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ឡាវអោយកាន់តែប្រសើរឡើង។ បន្ទាប់ពីបានពិសារអាហារថ្ងៃត្រង់ជាមួយលោកនាយករដ្ឋមន្រ្តីឡាវរួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញតាមឧទ្ឋម្ភាគច័ក្រពិសេសវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញនៅរសៀលថ្ងៃនេះប្រកបដោយសុវត្ថិភាព៕