ឯកឧត្តម សៅ សុភាព បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តពិធីសារម៉ុងរេអាល់នៅកម្ពុជា


នៅព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់​ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តពិធីសារម៉ុងរេអាល់នៅកម្ពុជា អបអរសារទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០១៩ ក្រោមប្រធានបទ​«៣២ឆ្នាំពិធីសារម៉ុងរេអាល់ និងការធ្វើអោយប្រសើរឡើងនៃស្រទាប់អូហ្សូន»។ សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថានក្នុងគោលបំណងដើម្បីចូលរួមអបអរសារទរក្នុងទិវាអូហ្សូនពិភពលោកថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៩ ជាមួយហគមន៍អន្តរជាតិជាពិសេសប្រទេសទាំងអស់ក្នុងពិភពលោកដែលជាប្រទេសភាគីនៃពិធីសារម៉ុងរេអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូនដែលបានផ្តល់សច្ចាប័នជាសកលពី១៩៧ប្រទេស ហើយប្រទេសកម្ពុជាយើងបានផ្តល់សច្ចាប័ននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០១។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមន្រ្តីជំនាញ សសយក កាកបាទក្រហមខេត្ត តំណាងមន្ទីរពាក់ព័ន្ធទាំងអស់ក្មុងខេត្តពោធិ៍សាត់ មន្ទីរស្ថានខេត្តពោធិ៍សាត់ ព្រមទាំងមន្រ្តីឧទ្យានុរក្សសរុបប្រមាណ១២០នាក់។