ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បើកសិក្ខាសាលាត្រួតពិនិត្យ ការអនុវត្តថវិកាកម្មវិធីការប្រឈម និងទិសដៅអនាគត


ភ្នំពេញ៖នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩នេះក្រសួង ទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បាន ធ្វើសិក្ខាសាលា ស្តីពីការត្រួតពិនិត្យ ការអនុវត្តថវិកាកម្មវិធី ការប្រឈម និងទិសដៅអនាគត របស់ ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោម អធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួង ទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីក្រសួង និងមន្ទីរ ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត សរុបចំនួនជាង១០០នាក់។

សិក្ខាសាលានេះ មាន គោល បំណង ត្រួត ពិនិត្យ និង វាយ តម្លៃការអនុវត្ត ថវិកាកម្ម វិធី កន្លងមក ដោយ លើកឡើង ពី ការប្រឈម នានា និង ផ្លាស់ ប្តូរ យោបល់ ដើម្បី ដោះ ស្រាយ បញ្ហា ប្រឈម ទាំងនោះ ហើយ ដាក់ ចេញ នូវ វិធានការណ៍ និងទិស ដៅ ថ្មីៗ ស ម្រាប់ អនុវត្តបន្ត ក្នុង ឆ្នាំ ខាង មុខ ដើម្បី សម្រេចបាន លទ្ធផល ដូច ដែល ក្រសួង បាន ដាក់ ចេញ និង ដើម្បី អនុវត្ត ភារកិច្ច ផែនការ និងយុទ្ធសាស្ត្រ ដែល រាជរដ្ឋាភិបាល បានប្រគល់។ សិក្ខា សាលា នេះបានទទួលការឧបត្ថម្ភ ថវិកា ពី គណៈកម្មាធិការ ដឹកនាំ ការងារ កែទម្រង់ ការគ្រប់ គ្រង ហិរញ្ញវត្ថុ សាធារណៈ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានលើកឡើងពី ការកែទម្រង់ ការគ្រប់ គ្រង ហិរញ្ញវត្ថុ សាធារណៈ ដែលបានចាប់ផ្តើមពីឆ្នាំ ២០០៥ និងបន្តរហូត ដល់ ឆ្នាំ ២០២៥។ កម្មវិធី កែទម្រង់ ត្រូវ បាន ចែក ចេញ ជា៤ដំណាក់កាល គឺ ៖ ទី១) ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៨ ដោយផ្តោតលើ ភាពជឿ ទុក ចិត្ត បាន នៃ ថវិកា ទី២) ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដោយផ្តោតលើ គណនេយ្យភាពហិរញ្ញវត្ថុ ទី៣) ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២០ ដោយ ផ្តោតលើថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ និងទី៤) ពីឆ្នាំ ២០២១ ដល់ ឆ្នាំ ២០២៥ ដោយផ្តោតលើ ប្រព័ន្ធត្រួតពិនិត្យ និង វាយ តម្លៃ លទ្ធផល និងសមិទ្ធកម្ម។

ដោយការអនុវត្តកម្មវិធីកែទម្រង់ ជាពិសេស ការកែទម្រង់ថវិកា អង្គ ភាព ថវិកា ទាំងអស់ ថ្នាក់ ដឹកនាំ និង មន្ត្រីដែលពាក់ព័ន្ធ ត្រូវ ត្រៀមលក្ខណៈឱ្យបានល្អ ព្រោះ ការងារ នេះ មាន ភាព ស្មុគស្មាញ និងទាមទា ការបណ្តុះ បណ្តាល និងជំនាញ ដើម្បី អនុវត្ត ឱ្យ បានតាមការណែ នាំ របស់ រាជរដ្ឋាភិបាល តាមរយៈ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ដើម្បីសម្រេចបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដូច បាន លើក ឡើង ខាង លើ នេះ ទាមទារ ឱ្យ មន្ត្រី រាជការ គ្រប់លំដាប់ថ្នាក់ ត្រូវ ពង្រឹង សមត្ថភាព និងគោរព ច្បាប់ និងក្រមសីលធម៌មន្ត្រីរាជការ និង ខិត ខំ បំពេញ ការងារទៅតាម ការចាត់តាំង និងតួនាទីរបស់ខ្លួនគ្រប់ៗគ្នា។ ជាមួយនេះ មន្ត្រី រាជការ ក្រសួង ទាំង អស់ ត្រូវ យក ចិត្ត ទុកដាក់ អនុវត្តឱ្យ បាន ល្អ តាម អភិក្រម ទាំង ប្រាំ របស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ៖ “ឆ្លុះ កញ្ចក់ ងូតទឹក ដុស ក្អែល ព្យាបាល និងវះកាត់” ដែលយើងត្រូវចងចាំ កុំឲ្យ ភ្លេច ខ្លួន។

សិក្ខាសាលានេះបានធ្វើឡើងរយៈពេលពេញមួយថ្ងៃ និងបានទទួលនូវអនុសាសន៍ថ្មីៗ ជាច្រើន ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីប្រសិទ្ធិភាពការងារ ក្នុងក្របខណ្ឌជាតិ និងងថ្នាក់មូលដ្ឋាន ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានផ្តាំឲ្យប្រធានមន្ទីរគ្រប់ខេត្ត រាជធានី និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួង ដែលមានភារកិច្ច ជាសមាជិកក្រុមការងារថ្នាក់ជាតិ ត្រូវចូលរួមឲ្យបានសកម្មក្នុងការប្រាស្រ័យទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទន្លេ និងទឹកភ្លៀង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមឲ្យ ក្រុមការងារទាំងអស់ ត្រូវពិនិត្យតាមទីអារាមដែលខ្វះការចូលរួមពីប្រជាពុទ្ធិបរិស័ទ ដែលមិនបានទៅដល់ទីអារាម ក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះ ដោយត្រូវរាយការណ៍ឲ្យអាជ្ញាធរបានដឹង និងចាត់តាំងក្រុមការងារចូលរួមឲ្យបានគ្រប់វត្ត កុំបីខាន ៕