ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្ដម អេង គន្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គិសនីកម្ពុជា បាននាំយកអំណោយមនុស្សធម៌ ដែលមានស្បៀងអាហារ និងសម្ភារប្រើប្រាស់ បានពីការឧបត្ថម្ភគាំទ្ររបស់អគ្គិសនីកម្ពុជា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងស្រុកសេសានសរុបចំនួន ៣៧០គ្រួសារ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មានការអាណិតអាសូរ និងបានចូលរួមសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នាពេលនេះ។