អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ សោកស្តាយចំពោះការច្រានចោលភាពជាដៃគូរបស់អង្គការមួយចំនួន


 ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល (អអរ) នៅ ថ្ងៃទី ១០ខែ កញ្ញា នេះបានចេញសេចក្ដី ថ្លែងការណ៍ សោកស្តាយចំពោះការច្រានចោលភាពជាដៃគូរបស់អង្គការតម្លាភាពកម្ពុជា អង្គការលីកាដូ និងសមាគមធាងត្នោត ក្រោយអង្គការទាំងបីនេះបដិសេធចូលរួមកិច្ចប្រជុំ មួយនៅថ្ងៃស្អែក។

អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល ចាត់ទុក  ទង្វើរបស់អង្គការទាំងនេះដែលបដិសេធការចូលរួម កិច្ចសន្ទនាតាមការអញ្ជើញ ជាការបង្ហាញ ឱ្យឃើញថា ពួកគេគ្មានបំណងក្នុង កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងទទួលខុសត្រូវចំពោះរបាយការណ៍ ដែលពួកគេបានចេញផ្សាយ ហើយបានធ្វើឱ្យប៉ះពាល់ដល់សមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាល ក្នុង កិច្ចការពារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា និងប្រជាជនខ្លួន។

អង្គភាពអ្នកនាំពាក្យ ក៏មានការខកចិត្តចំពោះ របាយការណ៍ និងសេចក្តីថ្លែងការណ៍របស់អង្គការ ទាំងនេះ ដោយមិនបានបង្ហាញនូវ ភាពសុច្ចរិតរបស់ខ្លួន។ ព័ត៌មានប្រឌិតនេះ ក៏អាចជាមធ្យោបាយបំពេញ បំណងបរទេសអមិត្ត មួយចំនួន ដែលមាននិន្នាការវាយប្រហារ មកលើភាពសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ កម្ពុជា។

អង្គភាពអ្នកនាំពាក្យ សូមទាញអារម្ភមហាជនដ៏ខ្ពង់ខ្ពស់ និងរាល់គណបក្សនយោបាយ ជ្រាបថា ចំពោះសេចក្តីថ្លែងការណ៍ ឬការបញ្ចេញមតិណាដោយខ្វះក្រមសីលធម៌វិជ្ជាជីវៈ មិនបានធ្វើការពិគ្រោះយោបល់ ទាក់ទងទៅនឹងប្រភពព័ត៌មាន ក៏ដូចជាទិន្នន័យទាំងឡាយណា ដែលបានលើកឡើងនៅក្នុងរបាយការណ៍អង្គការទាំងនេះ បានប្រាសចាកពីការពិត ហើយត្រូវបានគេចាត់ទុកថា មានបំណងទុច្ចរិត
និងតាមរយៈការចេញផ្សាយ នូវរបាយការណ៍ និងព័ត៌មានក្លែងក្លាយ (Fake News) ដោយអត្តនោម័ត និងមានចរិតបង្កប់នូវរបៀបវារៈ ក្នុងគោលបំណងធ្វើឱ្យ សាធារណជន យល់ច្រឡំ។ ព័ត៌មានរបៀបនេះមិនបាន ផ្តល់ផលប្រយោជន៍ដល់សាធារណជនឡើយ។

អង្គភាពអ្នកនាំពាក្យ ក៏សូមបញ្ជាក់ជំហរខ្លួនសាជាថ្មីថា យើងនៅតែបន្តរក្សាភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា៕