ក្រសួងព័ត៌មានគាំទ្រចំពោះក្រុមហ៊ុនចិនក្នុងការសិក្សារៀបចំគម្រោងផ្លាស់ប្ដូរ ប្រព័ន្ធផ្សាយពីអាណូឡូកទៅជាឌីជីថលនៅកម្ពុជា


ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧–ដោយមើលឃើញថា បច្ចុប្បន្ននេះតម្រូវការនៃការផ្សាយតាម ប្រព័ន្ធបច្ចេក វិទ្យាឌីជីថលកំពុងតែ មានការរីកចម្រើននៅកម្ពុជានោះ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគាំទ្រ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យា និងសារគមនាគមន៍ចិន ដែលចង់សហការក្នុងការរៀបចំប្រព័ន្ធផ្សាយ ទូរទស្សន៍ឌីជីថលនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងសារគមនាគមន៍ចិន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងគាំទ្រ និងបើកចំហ ចំពោះគម្រោងសិក្សាលើការរៀបចំប្រព័ន្ធផ្សាយ ពីអាណូឡូក ទៅជាឌីជីថល ដើម្បីជំរុញ ឱ្យ ការការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី និងការផ្សាយតាម ទូរទស្សន៍បានកាន់តែទូលំទូលាយ។

ឯកឧត្តមបានបញ្ជាក់ថា ការផ្លាស់ប្ដូរការផ្សាយពីប្រព័ន្ធអាណូឡូកទៅជាឌីជីថលគឺ ពិតជាផ្ដល់ នូវសារៈសំខាន់ណាស់ ក្នុងការចូលរួមលើកកម្ពស់ការផ្សាយ រៀបចំឱ្យមាន ស្ដង់ដារត្រឹមត្រូវ ស្របតាម ប្រទេសក្នុងតំបន់ និងពិភពលោក។

លោក GU Xun អគ្គនាយករងនៃក្រុមហ៊ុនបច្ចេកវិទ្យា និងសារគមនាគមន៍ StarTimes Communication Network Technology នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ការចាប់ដៃគូ ពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងព័ត៌មានលើការរៀបចំការ ផ្លាស់ប្ដូរការផ្សាយពីប្រព័ន្ធអាណូឡូក ទៅជាឌីជីថលនេះ គឺដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ពិសេសប្រព័ន្ធ ផ្សាយទូរទស្សន៍ក្នុងស្រុកទាំងអស់ឱ្យទៅជាឌីជីថល។

លោកបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា និងសារគមនាគមន៍ StarTimes គឺជាក្រុមហ៊ុន ដ៏ធំ មួយនៅក្នុងប្រទេសចិន ដែលបានវិនិយោគលើវិស័យបច្ចេកវិទ្យា ឌីជីថល នៅទ្វីបអាហ្រ្វិក និងបណ្ដា ប្រទេសក្នុងតំបន់អាស៊ី ហើយការរៀបចំកសាងប្រព័ន្ធឌីជីថល សម្រាប់ផ្លាស់ប្ដូរពីប្រព័ន្ធផ្សាយ ពីអាណូ ឡូកទៅជាឌីជីថលនេះ គឺជាតម្រូវការចាំបាច់ដែលបណ្ដាប្រទេសទាំងអស់ ត្រូវតែធ្វើការផ្លាស់ប្ដូរ ពិសេសការខិតខំជួយជំរុញឱ្យបានកាន់តែឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមថា កម្ពុជាត្រូវការចាំបាច់ក្នុងផ្លាស់ប្ដូរ ការអភិវឌ្ឍជំនាញ ការពង្រឹងគុណភាព ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលផ្ដល់នូវសារៈសំខាន់ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍ បច្ចេកវិទ្យាឌីជីថល ឱ្យបានកាន់តែប្រសើរឡើង ស្របតាមការរីចកម្រើនក្នុងតំបន់ និងអន្ដរជាតិ ខាងប្រព័ន្ធផ្សព្វផ្សាយ។