ក្រសួង​បរិស្ថាន​បេីកវគ្គ​ហ្វឹកហ្វឺន​មន្រ្តី​មុខងារសាធារណ:ជាឧទ្យានុរក្សជំនាន់ទី៨​​ ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ»​


នាថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៩​ នៅសាលានាយទាហានសកម្ម​ នៅខេត្តកំពង់ស្ពឺ​ ក្រសួងបរិស្ថាន​សហការជាមួួយសាលា​នាយទាហានសកម្មនៃកងយោធពលខេមរភូមិន្ទ​ បេីកវគ្គ​ហ្វឹកហ្វឺន​មន្រ្តី​មុខងារសាធារណ:ជាឧទ្យានុរក្សជំនាន់ទី៨​ ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ»​ ក្រោមអធិបតីភាព​ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ប៊ុត​ សុភាព​ នាយក​សាលា​នាយទាហានសកម្មត្មាតពង​ បានថ្លែងអំណរគុណក្រសួងបរិស្ថាន​ ដែល​បានសហការ​ជាមួយ​សាលា​នាយទាហានសកម្មរៀបចំវគ្គហ្វឹកហ្វឺន​ ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ»​បាន៨វគ្គ​រួមទាំងវគ្កហ្វឹកហ្វឺន​ ដែលបេីកដំណេីរការនាពេលនេះ។ នៅក្នុង​វគ្គនេះ​ មន្រ្តី​ឧទ្យាន​នុរក្ស​ចំនួន៦០នាក់​ មកពីតំបន់ការពារធម្មជាតិ​ នៅក្នុងខេត្តចំនួន១៦​ នៃព្រះរាជាណាចក្រកម្ពុជា​ ចូលរួម​ហ្វឹកហាត់​រយ:ពេល៤៥ថ្ងៃ​ ចាប់ពីថ្ងៃទី​១៧​ ខែកញ្ញា​ដល់​ថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ លេីមុខវិជ្ជា​អប់រំចិត្ត​សាស្រ្ត​ យុទ្ធវិធី​ សព្វាវុធ​ វិស្វកម្ម​ សង្គ្រោះ​បឋម​ លំហាត់​របៀប​ បាញ់​ ក្បាច់​គុណ​កងយោធពលខេមរភូមិន្ទ​និងកីឡា​យោធា​ ការរស់នៅ​ក្នុង​តំបន់ព្រៃ​ និងធ្វេីលំហាត់យុទ្ធវិធី​ ឧទរជីវិត​នៅតំបន់គីរីរម្យ​។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលេីកឡេីងថា​ ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឱ្យឃើញ​ យ៉ាងច្បាស់​អំពីកិច្ច​ខិត​ខំ​ប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍធនធានមនុស្ស ទាំងក្នុង​វិស័យ​យោធា និងវិស័យស៊ីវិល រួមទាំងមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានឱ្យមាន​សមត្ថភាពនិង​គុណធម៌​ខ្ព​ស់​បន្ថែមទៀត នៅក្នុងបុព្វហេតុការពារជាតិនិងប្រជាជន ក៏ដូចជាកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង​ធន​ធាន​ធម្ម​ជា​តិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម​ បានបន្ថែម​ថាសមិទ្ឋិផលទាំងនេះអាចសម្រេចទៅបាន​ក៏​អាស្រ័យ​​​ដោយប្រទេសយើ​ងមានសុខសន្តិភាព ស្ថេរភាពសង្គម នីតិរដ្ឋ កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍ​លើ​គ្រប់វិស័យ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

ជាមួយគ្នា​នេះ​ឯកឧត្តម​ បានបញ្ជាក់​ថា​ សម្រាប់នីតិកាលទី៦នេះ ក្រសួងបរិស្ថាន​បានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ប្រព័ន្ធរដ្ឋបាលទំនើបលើកកម្ពស់គុណតម្លៃមន្ត្រីរាជការឱ្យ​ស្រលា​ញ់​ខ្លួនឯង មាន​មោទន​ភាព​ជាតិ សុចរិត សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ចាប់ពីកម្រិត​ថ្នាក់​ដឹក​នាំ រហូត​ដល់មន្ត្រីថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់ សំដៅក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាង​ប្រទេស​ដ៏ទំនើប​មួយ​ ដែលប្រជាពលរដ្ឋមានជីវភាពខ្ពស់ និងរស់នៅក្នុងបរិស្ថានដែលល្អប្រសើរ ដោ​យ​ធា​នា​​បាននូវនិរន្តភាព​បរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលេីកឡេីងថា​ថ្វីត្បិតតែវគ្គហ្វឹកហ្វឺនមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្ត្រល្បាតក្នុង​ត្បាត​ក្នុង​​តំ​ប​ន់​ការពារធម្មជាតិ» មានរយៈពេលខ្លី ប៉ុន្តែវាជាគ្រឹះដ៏មានសារៈសំខាន់​បំផុតសម្រាប់ការកសាង​សមត្ថភា​ព​ជំនា​ញ​​ជាមូលដ្ឋានរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ ទាំងទ្រឹស្តីនិងការអនុវត្ត​ជាក់​​ស្តែង​នៅ​ទីវាល។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ យកនូវចំណេះដឹងដែលយោធាចារ្យ និងគ្រូ​ឧទ្ទេសទាំងអស់ បានបង្ហាត់បង្រៀនប្រកបដោយសម្បជញ្ញៈ និងការទទួលខុសត្រូវខ្ពស់ សម្រាប់យក​ទៅ​បំពេញ​ភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន ក្នុងបុព្វហេតុឧត្តុង្គឧត្តមរបស់ជាតិ ប្រជាជន និងមាតុភូមិ​។