ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ


នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធបានកសាងឡើង ទុកជាប្រយោជន៍រួម ដើម្បីបន្តប្រើប្រាស់ឲ្យបានយូរអង្វែង។

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវរួសរាន់នាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់នានា ឲ្យបានទាន់ពេលវេលា ព្រោះសល់តែរយៈពេល ៣ថ្ងៃទៀតប៉ុណ្ណោះ ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង ព្រមទាំងការប្ដឹងតវ៉ា និងប្ដឹងជំទាស់ នឹងត្រូវបញ្ចប់ជាស្ថាពរ ពោលគឺត្រឹមថ្ងៃទី១៤ ខែមករា ខាងមុខនេះ។

ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋបែបនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងកម្មវិធីបិទសន្និបាតថ្នាក់ឃុំ នៅវត្តគគីរសេដ្ឋារាម ភូមិថ្នល់បត់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ។

ក្រោយពីស្តាប់របាយការណ៍ របស់តំណាងឃុំដែលបានបង្ហាញពីស្នាដៃ និងសមទ្ធិផលថ្មីៗ ដោយការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធភូមិ-ឃុំ ដូចជាធនធានមនុស្ស សាលារៀន គមនាគមន៍ផ្លូវថ្នល់-កៅស៊ូ-បេតុង វត្តអារាម សេដ្ឋកិច្ច កសិកម្ម សំណង់ធារាសាស្រ្ត សេវាសុខាភិបាល និងសន្តិសុខ ស្ថិរភាព ដល់ប្រជាពលរដ្ឋទូទាំងឃុំរួចមក «ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអបអរសាទរនូវសមិទ្ធផលទាំងអស់នោះ ហើយលោកបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ រួបរួមសាមគ្គីគ្នាជួយ​ថែរក្សា​សមិទ្ធផល​ទាំងអស់នោះ»