សាខាគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំមីទ្ទិញអបរអរខួបលើកទី ៣៨ នៃទិវាជ័យជម្នះ ៧មករា


ដើម្បីចូលរួមអបអរសាទរខួបលើកទី ៣៨ នៃទិវាជ័យជម្នះ ៧មករា និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤០ អាណត្តិទី ៥ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ សាខាគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមីទ្ទិញអបរអរ និងអាហារសាមគ្គី នៅសណ្ឋាគារ Novotel នាទីក្រុងស៊ូវ៉ុន ខេត្តខ្យងគឺ ដោយចូលរួមពី៖ ទីប្រឹក្សាអមស្ថានទូត មន្រ្តីរាជការស្ថានទូត ក្រុមសកម្មជនតាមតំបន់នានា ក្រុមសកម្មជនតំណាងមកពីក្រុម ឆន្ទៈពលករឆ្លងដែន ក្រុមស្រ្តីមានស្វាមីកូរ៉េ ក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តនៅកូរ៉េ ក្រុមទស្សនៈពលករ ក្រុមពលករជំនួញ និងក្រុមនិស្សិតអាហាររូបករណ៍ ប្រមាណ ១៦០នាក់ ប្រកបដោយភាពរីករាយ ស្និតស្នាល និងអត្ថន័យក្រៃលែង។

បន្ទាប់ពីមីទ្ទិញរំឭកពិធីមីទ្ទិញអបអរសាទរខួបទី ៣៨ នៃទិវាជ័យជម្នះ ៧ មករា និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤០ អាណត្តិទី ៥ បានបញ្ចប់ សាខាគណបក្សបានបន្ដដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ របស់សាខាគណបក្សឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ ជាមួយសមាជិក-សមាជិការចូលរួមទាំងអស់ ហើយកិច្ចប្រជុំបានឯកភាពគ្នាជាសមូហភាពស្នើសុំបង្កើតគណកម្មាធិការគណបក្ស និងរៀបចំរចនាសម្ព័ន្ធរហូតដល់ក្រុមបក្សនៅតាមមូលដ្ឋាន ៕