ការជួបពិភាក្សាការងាររបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនរដ្ឋធំៗ របស់ឥណ្ឌូនេស៊ី ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន


នៅក្នុងដំណើរទស្សនកិច្ចការងាររយៈពេល៤ថ្ងៃនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយចៅហ្វាយក្រុងស៊ូរ៉ាបាយ៉ា (Surabaya) និងចៅហ្វាយខេត្តឈ្វាខាងកើត (East Java) និងក្រុមហ៊ុនរដ្ឋធំៗ របស់ឥណ្ឌូនេស៊ី។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូកម្ពុជា បានមកធ្វើទស្សនកិច្ចនិងពិភាក្សាការងារជាមួយក្រុមហ៊ុនឧស្សាហកម្ម INKA (Indonesian Railway Industry) ដែលជាក្រុមហ៊ុនឧស្សាហកម្មផ្លូវដែករដ្ឋដ៏ធំរបស់សាធារណរដ្ឋឥណ្ឌនេស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨១ និងជាក្រុមហ៊ុនផលិតរថភ្លើង គ្រឿងបង្គំធំ លក់ និងផ្តល់សេវាមុនគេបង្អស់នៅអាស៊ីអគ្នេយ៍ ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនផ្លូវដែក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមទាំងអស់ថា នេះជាលើកទី១ ដែលឯកឧត្តមបានមកឃើញផ្ទាល់ភ្នែក និងសូមសម្តែងការស្ងប់ស្ងែងពីភាពរីកចម្រើនមិននឹកស្មានដល់នៃឧស្សហកម្មផលិតរថភ្លើងឥណ្ឌូនេស៊ី ដែលមានសមត្ថភាពពង្រីកអាជីវកម្មជាមួយប្រទេស អូស្ត្រាលី បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងអាហ្រិក ។ ស្របនឹងតម្រូវការនៃគម្រោងអភិវឌ្ឍន៍វិស័យផ្លូវដែកកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនឧស្សាហកម្មផ្លូវដែកឥណ្ឌូនេស៊ី មកជួបពិភាក្សាជាមួយស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា។ មានមតិតបទៅនឹងប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី លោកប្រធានក្រុមហ៊ុនបានសម្តែងនូវអំណរគុណដល់គណៈប្រតិភូកម្ពុជាដែលបានចាប់អារម្មណ៍មកធ្វើទស្សនកិច្ច និងពិភាក្សាការងារនៅក្រុមហ៊ុនរបស់លោក និងបានសន្យាថានឹងបញ្ជូនគណៈប្រតិភូមកពិនិត្យលទ្ធភាពពង្រីកកិច្ចហប្រតិបត្តិការលើវិស័យផ្លូវដែកនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។

នៅវេលាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Tri Rismaharini ចៅហ្វាយក្រុង Surabaya និងជាស្ត្រីទី១ ដែលទទួលបាននូវសន្លឹកឆ្នោតជ្រើសតាំងជាចៅហ្វាយក្រុង Surabaya ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបលោកជំទាវចៅហ្វាយក្រុងអំពីស្ថានភាព និង ភាពរីក ចំរើននៅកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការអភិវឌ្ឍវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន គឺជាវិស័យអាទិភាពមួយនៅក្នុងវិស័យអាទិភាពចម្បងៗ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានស្នើភាគីឥណ្ឌូនេស៊ី ក៏ដូចជា ក្រុមហ៊ុនដែលមានទីតាំងនៅក្នុងទីក្រុងនេះ ពិនិត្យលទ្ធភាពធ្វើកិច្ចហប្រតិបត្តិការ និងវិនិយោគនៅកម្ពុជា។ ជាមួយនេះ ភាគីទាំងពីក៏បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង សុវត្ថិភាពចរាចរណ៍ ប្រព័ន្ធទឹកកខ្វក់ និងហិរញ្ញវត្ថុសំរាប់រក្សាអនាម័យ និងបរិស្ថានទីក្រុងផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណចំពោះការទទួលរាក់ទាក់យ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា ពីសំណាក់លោកជំទាវចៅហ្វាយក្រុង ក៏ដូចជា លើកទឹកចិត្តឲ្យក្រុមហ៊ុនឥណ្ឌូនេស៊ីទៅវិនិយោគនៅកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរចំពោះការផ្តល់នូវបទពិសោធន៍ល្អៗ ដល់គណៈប្រតិភូកម្ពុជា ហើយឯកឧត្តមបានសន្យានាំយកនូវបទពិសោធន៍ល្អៗ និងមានប្រសិទ្ធភាពទាំងនេះទៅផ្សព្វ ផ្សាយជូនស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា។

នៅវេលារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូកម្ពុជា បានធ្វើទស្សនកិច្ច និងពិភាក្សាការងារនៅ ក្រុមហ៊ុនកំពង់ផែ PAL Indonesia ដែលជាក្រុមហ៊ុនកំពង់ផែរដ្ឋធំជាងលំដាប់ទី២ របស់ឥណ្ឌូនេស៊ីបន្ទាប់ពីក្រុមហ៊ុនកំពង់ផែក្រុងហ្សាកាតា និងត្រូវបានបង្កើតតាំងពីជំនាន់រដ្ឋការឥណ្ឌូនេស៊ីត្រួតត្រាដោយប្រទេសហូឡង់នៅក្នុងឆ្នាំ១៩៣៩។ PAL Indonesia គឺជាក្រុមហ៊ុនកំពង់ផែលំដាប់ពិភពលោក ដែលមានក្រុមហ៊ុនសាខាជាច្រើន ហើយក្រៅពីមាននាទីជាកំពង់ផែ ក្រុមហ៊ុននេះមានអាជីវកម្មចំបងៗ មួយចំនួនទៀត ដូចជា អាជីវកម្មផលិតនាវាដឹកទំនិញ ផលិតនាវាចម្បាំង និងនាវាមុជទឹកចម្បាំង (Submarine) នាវាសណ្តោង ផលិតនាវាផលិតថាមពលអគ្គីសនី ផលិតគ្រឿងឧបករណ៍សម្រាប់កំពង់ផែនិងចំណតនាវា វិស្វកម្មទូទៅ និងផ្តល់សេវាថែទាំ ជួសជុល និងរុះរើនាវា។ល។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងប្រាប់លោកប្រធានក្រុមហ៊ុន និងអ្នកចូលរួមថា ឯកឧត្តមមានការចាប់អារម្មណ៍ក្រៃលែងចំពោះទំនើបកម្ម និងសេវាកម្មដ៏ល្អរបស់កំពង់ផែ PAL Indonesia និងស្នើឲ្យភាគីឥណ្ឌូនេស៊ីពិភាក្សាជាមួយកំពង់ផែកម្ពុជាដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែរវាងភាគីទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរពីកិច្ចសហប្រតិបត្តិការផ្នែកអាជីវកម្ម នាវារវាង ភាគីទាំងពីរទៅអនាគត។

នៅវេលារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដដែល គណៈប្រតិភូកម្ពុជាបានចូលរួមពិធីលាងសាយភោជរៀបចំដោយឯកឧត្តមអភិបាលរងខេត្តឈ្វាខាងកើត។ បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រីផ្តល់នូវសំណេរនិងចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់សាលាខេត្តមក ឯកឧត្តមចៅហ្វាយខេត្តរងបានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងសមាជិកគណៈប្រតិភូទាំងអស់ ដែលបានធ្វើទស្សនកិច្ចនៅខេត្តឈ្វាខាង កើត។ ឯកឧត្តមបានថ្លែងថា ខេត្តឈ្វាខាងកើត គឺជាខេត្តធំមួយដែលមានប្រជាជនចំនួន៤០លាននាក់ និងមានឧស្សាហកម្មធំៗ ជាច្រើន គឺជាសក្តានុពលដ៏ល្អសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេស លើវិស័យហេដ្ឋរចនា សម្ព័ន្ធដឹកជញ្ជូន និងតភ្ជាប់ ហើយសង្ឃឹមក្រោយពីដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីនឹងត្រូវបានលើកកម្ពស់។ ថ្លែងសុន្ទរកថានាពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណចំពោះលោកជំទាវចៅហ្វាយខេត្ត និងឯកឧត្តមចៅហ្វាយខេត្តរង ដែលបានស្វាគមន៍យ៉ាងកត់ក្តៅ និងរៀបចំទទួលការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាប្រកបដោយជោគជ័យ។ ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាពលើគ្រប់វិស័យ ពិសេស វិស័យហេដ្ឋរចនាសម្ព័ន្ធនិងដឹកជញ្ជូន។ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ៧% នៅក្នុងយៈពេល២ ទសវត្សកន្លងមក និងនៅក្នុងឆ្នាំ២០១៨ មានកំណើន ៧,៥% ហើយកម្ពុជាសង្ឃឹមថានឹងទទួលបានកំណើន៧% នៅក្នុងយៈពេលមធ្យមខាងមុខ។ ឯកឧត្តមបន្តថា ភាពរីកលូតលាស់សេដ្ឋកិច្ច ជាមួយនឹងការចូលរួមអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលអាចនឹងចរចាបញ្ចប់នៅចុងឆ្នាំ២០១៩ នេះ ប្រទេសទាំងពីរដែលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ នឹងទទួលបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចកាន់តែធំធេងបន្ថែមទៀត។ ប៉ុន្តែ ឯកឧត្តមបានថ្លែងថា ភាពរីកចម្រើនសេដ្ឋកិច្ចខាងលើ នឹងមិនអាចកើតឡើងបានល្អឡើយ ប្រសិនបើគ្មានការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់នោះទេ។ ដូច្នេះ ប្រទេសទាំងពីរ ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋរចនាសម្ព័ន្ធឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីចាប់យកឱកាសទាំងនេះ។

នៅវេលាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូកម្ពុជា បានទទួលជួបការសម្តែងការគួរសម និងស្វែងយល់អំពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាពីតំណាងក្រុមហ៊ុនធំៗ របស់ឥណ្ឌូនេស៊ីនៅទីក្រុង Surabaya ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាព និងឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមក៏បានពិភាក្សាជាមួយតំណាងក្រុមហ៊ុនទាំងអស់អំពីភាពមិនសូវជឿនលឿននៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានកត់សម្គាល់ថា ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយបើប្រៀបធៀបជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ នៅក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មទំនិញសរុបរវាងប្រទេសទាំងពីរមានតែ ៥៥៨ លានដុល្លារអាមេរិក មានការកើនឡើងចំនួន៣% ក្នុងនោះការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ីមានតែ ៣៣ លានដុល្លារអាមេរិក និងនាំចូលពីឥណ្ឌូនេស៊ីចំនួន ៥២៥ លានដុល្លារអាមេរិក។ ចំពោះវិនិយោគវិញនៅមានកំរិតតិចតួចនៅឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រទេសទាំងពីរមានសក្តានុលពលធំធេងសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ ប៉ុន្តែ កន្លងមកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជា ការតភ្ជាប់រវាងប្រទេសទាំងពីរនៅមានកំរិត រួមជាមួយការទទួលបាននូវព័ត៌មានមិនល្អពីប្រទេសកម្ពុជា ដែលបានបង្ករឲ្យមិនសូវមានវិនិយោគ និងទេសចរពីឥណ្ឌូនេស៊ី មកកាន់កម្ពុជា។ ដូច្នេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យតំណាងក្រុមហ៊ុនទាំងនោះ ធ្វើដំណើរមកកម្ពុជាដើម្បីស្វែងរកឱកាសនិងដៃគូអាជីវកម្មនិងវិនិយោគ។ ក្រោយពីបានស្តាប់ និងពិភាក្សាជាមួយកម្ពុជា តំណាងក្រុមហ៊ុនទាំងនោះ បានយល់ពីសភាពការណ៍នៅកម្ពុជា និងសន្យាថានឹងមកពិនិត្យលទ្ធភាពសម្រាប់ពង្រីកអាជីវកម្មនិងវិនិយោគនៅកម្ពុជា។