នាព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីពិធីកាន់បិណ្ឌទី៩ នៅវត្តដូនមាសត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃគម្រោងវិនិយោគក្នុងវិស័យកសិកម្មរបស់ក្រុមហ៊ុន ហាម៉ីនីវីន អិនវេសមេន ស្ថិតនៅភូមិស្រែប្រាំង និងភូមិបុស្នោ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
តាមការរាយការណ៍របស់លោក ផាន់ ដុងហ្វេង ប្រធានក្រុមហ៊ុន និងជាប្រធានសមាគមកសិកម្មចិននៅកម្ពុជា បានឲ្យដឹងថាក្រុមហ៊ុនបានបោះទុនវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ៣ឆ្នាំមកហើយតាំងពីឆ្នាំ ២០១៦។ បច្ចុប្បន្ន ក្រុមហ៊ុនមានផ្ទៃដី ១,៣ពាន់ហត សម្រាប់ធ្វើការវិនិយោគ លើដំណាំថ្នាំជក់ ចេក ពោត និងរោងចក្រកែច្នៃជីកសិកម្ម។ លោកបានបន្តទៀតថា បច្ចុប្បន្ន ក្រុមហ៊ុនបានដាំថ្នាំជួកលើផ្ទៃដី ២០០ហត ព្រមជាមួយគ្នានេះក៏បានប្រមូលជាកសិករជាង ២៥០០គ្រួសារនៅស្រុកឆ្លូង និងស្រុកក្រូចឆ្មា និងប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ ដោយក្រុមហ៊ុនផ្តល់ពូជ និងទិញក្នុងតម្លៃទីផ្សារពី ៤ពាន់ ទៅ ១ម៉ឺនរៀល/គ.ក្រ អាស្រ័យលើគុណភាពថ្នាំ ហើយជាទូទៅក្នុងមួយគ្រួសារអាចរកចំណូលបានពី ២-៤ពាន់ដុល្លារ/ឆ្នាំ។ លោកបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនមានឧបករណ៍សម្ងួតសន្លឹកថ្នាំជក់ ក្នុងមួយឆ្នាំអាចផលិតបាន ២-៣ពាន់តោន ហើយអនាគតដ៏ខ្លីនេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកផ្ទៃដីដាំថ្នាំជក់ និងប្រមូលទិញ ពីប្រជាកសិករឲ្យបាន ៥ម៉ឺនតោន/ឆ្នាំ ហើយពង្រីកសក្តានុពលកែច្នៃជាផលិតផលពាក់កណ្តាលសម្រេចរូប ដើម្បីធានាបរិមាណ និងគុណភាពសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញ ជាពិសេសបង្កើតរោងចក្រកែច្នៃជីកសិកម្មសម្រាប់ប្រើប្រាស់លើដំណាំចេក និងស្វាយ ដែលទីផ្សារក្នុងស្រុកក៏ដូចជាក្រុមហ៊ុនផ្ទាល់កំពុងត្រូវការជាចាំបាច់។ គម្រោងវិនិយោគសង់រោងចក្រនេះត្រូវចំណាយទុនជាង ១០លានដុល្លារអាមេរិកលើផ្ទៃដី ១៥ហត ចាប់ផ្តើមសាងសង់ក្នុងដើមឆ្នាំក្រោយនេះ ហើយអាចដំណើរការផលិតនៅចុងឆ្នាំ ដោយជំហានទី១ អាចមានលទ្ធភាពផលិតបានជី និងថ្នាំកសិកម្មចំនួន ៥ម៉ឺនតោន/ឆ្នាំ រីឯជំហានទី២ នឹងពង្រីកផលិតភាពបាន ១០ម៉ឺនតោនបន្ថែមទៀត។ ពាក់ព័ន្ធនឹងការផលិត និងដើម្បីធានាគុណភាព ប្រសិទ្ធភាព និងលក្ខខណ្ឌរបស់ដី មុខដំណាំ និងការប្រើប្រាស់ជីឲ្យត្រូវតាមបច្ចេកទេស ក្រុមហ៊ុននឹងមានរៀបចំមន្ទីរ ពិសោធន៍គុណភាពដីមុនការផលិតផងដែរ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះឆន្ទ:ពង្រីកទុកវិនិយោគទាំងថ្នាំជក់ និងរោងចក្រកែច្នៃជី ក្នុងគោលបំណងជួយរកទីផ្សារថ្នាំជក់ឲ្យកសិករ ផលិតជីបម្រើឲ្យសេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ករណីនេះ ឯកឧត្តមសូមធ្វើការគាំទ្រ លើកទឹកចិត្ត និងសហការបន្ថែមទៀតដោយណែនាំឲ្យក្រុមហ៊ុនទាក់ទងជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីសិក្សាលើឯកសារផ្លូវច្បាប់ និងបច្ចេកទេសមួយចំនួនដែលទាមទារឲ្យក្រុមហ៊ុនបំពេញបន្ថែម ជាពិសេសមន្ទីរពិសោធន៍គុណភាពដី ធ្វើយ៉ាងណាផលិតជីឲ្យត្រូវតាមប្រភេទដី និងដំណាំ។ ដោយឡែក ចំពោះការប្រមូលទិញថ្នាំជក់ពីកសិករ ក្រុមហ៊ុនគួរ អនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ចៀសវាងមានបញ្ហា ធានានូវទំនុកចិត្ត បរិមាណផលិត គុណភាព និងតម្លៃ។