ឯកឧត្តម អ៊ាង សុផលែ្លត បានអញ្ជើញជាអធិបតីភាព ប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ាង សុផលែ្លត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញជាអធិបតីភាព ប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើង២ចំនុចជាសំខាន់ ដើម្បីក្រុមការងារអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនោះ គឺត្រូវចុះធ្វើវេទិការសាធារណៈ និងចុះដល់មូលដ្ឋានគៀកជាប់ពលរដ្ឋ ដើម្បីឆ្លុះបញ្ចាំង ឆ្លុះបង្ហាញពីភាពស្និទ្ធស្នាល ជិតស្និទ្ធ ជឿជាក់ យកចិត្តទុកដាក់ ស្រលាញ់ យកបេះដូង រក្សាមើលថែប្រជាជន ក្នុងនាមអាណាព្យាបាលរបស់ប្រជាជន។

ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារធ្វើវេទិការសាធារណៈ បើកចំហរឲ្យទូលាយគ្រប់មជ្ឈដ្ឋានទាំងអស់ បន្ថែមពីនេះ ត្រូវចុះដល់ខ្នងផ្ទះរបស់ប្រជាជន ដើម្បីស្តាប់ ទទួលយកសំណូមពរ និងប្រមូលយកបញ្ហា ធ្វើការពិភាក្សាស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត ការទទួលខុសត្រូវ ក្នុងគោលដៅគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងវិស័យអទិភាពទាំង៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស។

ជាមួយគ្នានោះ ផ្សព្វផ្សាយរាល់សមិទ្ធផល ការខិតខំប្រឹងប្រែង និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា
បញ្ជ្រាបដល់ក្រអៅបេះដូងប្រជាជន ប្រមូលយកសមានចិត្ត ដើម្បីបន្តស្រលាញ់គាំទ្រ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជា។