ប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូននិស្សិត ប៊ែលធីអន្តរជាតិ ជាង១ពាន់នាក់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយសិស្សនិស្សិតអស់រយៈពេលជិត៣ម៉ោង ដែលពិធីនេះចែកវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ខាងក្រោមជាប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចពិតជារីករាយបានអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្ស និងនិស្សិតរបស់សាកលវិទ្យាល័យ «ប៊ែលធី អន្តរជាតិ» ជាង១ពាន់នាក់។

* សម្តេចតេជោ ហ៊ុន សែន នៅតែបង្ហាញចំពោះគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញនូវគោលនយោបាយអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍន៍លើវិស័យអប់រំនេះ គឺជាភាពត្រឹមត្រូវមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍វិស័យអប់រំនេះ មិនមែនទើបធ្វើនៅក្រោយឆ្នាំ១៩៩៣នោះទេ គឺបានធ្វើតាំងដើមទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ។ មានន័យថា គោលនយោបាយនេះ ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជារឿងមួយគួរឱ្យមោទនភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការរំពឹងថា នៅថ្ងៃក្រោយសម្តេចមានឱកាសប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតបរទេស។ សម្តេចតេជោ បានអំពាវនាវដល់គ្រឹះស្ថានអប់រំចូលរួមផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានដ៏កម្រសម្រាប់សង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សបានច្រើនហើយយ៉ាងណាក្តី តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលទាមទារឱ្យមានការខិតខំបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏មិនត្រូវបញ្ឈប់ការប្រឹងប្រែងរបស់ខ្លួននោះដែរ គឺត្រូវបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពដើរឱ្យទាន់ការអភិវឌ្ឍរបស់ពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានព្រមសម្រេចបំណងប្រាថ្នារបស់និស្សិតមានសមត្ថភាពអស្ចារ្យ ហុង ភារិន ឱ្យបន្តការសិក្សានៅប្រទេសមួយផ្សេងទៀត ក្រោយបញ្ចប់ការសិក្សានៅប្រទេសថៃនៅឆ្នាំក្រោយ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចមិនហ៊ានទាញឱ្យ ហុង ភារិន ទៅធ្វើអ្វីដែលខុសពីបំណងប្រាថ្នារបស់គេក្នុងការអភិវឌ្ឍជនបទនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រសួងអប់រំ និងអាជ្ញាធរដែនដី ដែលបានប្រឹងប្រែងរួមគ្នាធ្វើឱ្យការប្រលងមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ៤៤៣នាក់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់សាលាប៊ែលធី ឱ្យពិចារណាបង្កើតការសិក្សាថ្នាក់ «ជំនាន់ថ្មី»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាប្រមាថដល់ការអប់រំក្រៅពីជាតិសាសន៍ឯងនោះទេ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា ការអប់រំនៅកម្ពុជានៅមានកម្រិត តែមិនក្រោយគេខ្លាំងណាស់ណានោះទេ ហើយកម្ពុជាក៏កំពុងប្រឹងប្រែងអភិវឌ្ឍន៍លើការអប់រំនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយឆ្នាំ១៩៧៩ កម្ពុជាធនធានមនុស្សកម្រិតឧត្តមសិក្សាប្រមាណ ១០០នាក់ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នការប្រឡងជ្រើសរើសមន្ត្រីរាជការ គឺកំណត់យកកម្រិតអប់រំថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ដែលនេះបង្ហាញពីវឌ្ឍនភាពលើការអប់រំ។

* សម្តេចតេជោ បានថ្លែងថា សម្តេចសោកស្តាយចំពោះបុគ្គលមួយចំនួនដែលមើលងាយប្រព័ន្ធអប់រំនៅកម្ពុជា ខណៈដែលអ្នកគាំទ្រខ្លួនក៏រៀននៅកម្ពុជាដែរ។ សម្តេចតេជោបានថ្លែងថា ទង្វើនេះជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរទៅលើជាតិសាសន៍ឯង។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់ស្ថានទូតអាមេរិកឱ្យបញ្ជាក់អំពីកម្រិតសញ្ញាបត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ពីសាលា West Point។

* សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅលោក អ៊ុំ សំអាន ដែលបានងឿងឆ្ងល់រឿងខ្លួនមិនអាចប្រលងជាប់នៅ West Point ដូចឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចជំរុញឱ្យទៅសួរស្ថានទូតអាមេរិក ឬសាលា West Point ដើម្បីស្រាយនូវចម្ងល់នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដោយយោងទៅតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំសាលា West Point ថា ក្នុងមួយឆ្នាំមានកៅអីតែ ១០ប៉ុណ្ណោះសម្រាប់និស្សិតសបរទេស។ ក្នុងនោះនៅឆ្នាំដែលឯកឧត្តម ហ៊ុន ម៉ាណែត ប្រឡងចូលសាលានេះមាននិស្សិតបរទេសតែ៨នាក់ប៉ុណ្ណោះ។

* សម្តេចតេជោ បានថ្លែងឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានសហរដ្ឋអាមេរិកផ្តល់អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យការពារជាតិរបស់អាមេរិក។

* សម្តេចតេជោ ហ៊ុន សែន ប្រៀបប្រដូចទណ្ឌិត សម រង្ស៉ី ទៅនឹងឆ្កែឆ្កួតមួយក្បាលដែលខាំមិនដឹងទិសតំបន់អ្វីទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំនៅកម្ពុជា ក៏ដូចជាវិស័យផ្សេងៗត្រូវស្តារឡើងវិញពីគំនរផេះផង់ ពោលគ្មានអ្វីទាំងអស់។ ផ្ទុយពីសម័យសង្គមរាស្ត្រនិយមទទួលមរតកពីអាណានិគមបារាំង ហើយរបបសាធារណរដ្ឋរបស់លោក លន់ នល់ ទទួលមរតកពីសង្គមរាស្ត្រនិយម ដែលមិនមានភាពខ្ទេចខ្ទាំដូចកម្ពុជាក្រោយរបបខ្មែរក្រហមនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ និងទី៦ បានចាត់ទុកការអប់រំជាវិស័យអាទិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមិនទាន់ទទួលបានចំណូលពីវិស័យប្រេងផង តែកម្ពុជាអាចរស់បាន។ ដូច្នេះនៅពេលបានចំណូលពីប្រេង នឹងយកថវិកាផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

* សម្តេចតេជោ បានថ្លែងថា រយៈពេល៩ខែឆ្នាំនេះ ចំណូលពីគយសម្រេចបាន ១០៥ភាគរយ និងពន្ធដាផ្ទៃក្នុងបានជាង ៩៥ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះគយទទួលបានចំណូលលើសការគ្រោងទុកប្រមាណ ៨០០លានដុល្លារ។

* សម្តេចតេជោ បានថ្លែងថា ក្នុងមួយខែកម្ពុជាទទួលបានចំណូលប្រមាណ ៥០០លានដុល្លារ ហើយចាយទៅវិញប្រមាណ ៣០០លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបច្ចុប្បន្នកម្ពុជាមានមាស៣០តោន។ ក្នុងនោះ១២តោនតម្កល់នៅស្វីស ១៥តោនតម្កល់នៅអង់គ្លេស និង៣តោន តម្កល់នៅធនាគារជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលបានជួបជាក្រុមគ្រូពេទ្យកាលពីម្សិលមិញ គ្រូពេទ្យអនុញ្ញាតិឱ្យវាយកូនហ្គោលវិញហើយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានការពារសណ្តាប់ធ្នាប់បានយ៉ាងល្អ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ដែលបានផ្តល់រថយន្តដឹកប្រជាពលរដ្ឋទៅ និងមកក្នុងកំលុងបុណ្យភ្ជុំបិណ្ឌ ដែលមានចំនួនរហូតជាង ២ម៉ឺននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌធ្វើឱ្យរាជធានីភ្នំពេញស្ងប់ស្ងាត់ដោយសារប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលបានពីការបង់ពន្ធគ្រឿងយន្តរថយន្ត និងម៉ូតូ ស្មើនឹង ៥២ភាគរយ។

* សម្តេចតេជោ បានលើកឡើងថា មានកត្តា៤ ដែលនាំឱ្យប្រជាពលរដ្ឋបានទៅធ្វើបុណ្យធ្វើទាន ក៏ដូចជាដើរលេងកម្សាន្តក្នុងកំលុងបុណ្យភ្ជុំបិណ្ឌ។ កត្តាទាំង៤រួមមាន៖ សុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធ, ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរ និងកត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសុខសន្តិភាព គឺសំខាន់ណាស់ ដែលត្រូវនាំគ្នារក្សាឱ្យបាន។ សម្តេចតេជោ បានបញ្ជាក់ថា បើគ្មានសុខសន្តិភាពកុំនិយាយដល់សិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាបញ្ហាផ្សេងៗ។

* សម្តេចតេជោ បានបន្ថែមថា សន្តិភាពនេះ អ៊ុនតាក់ចង់បាន ហើយចាយលុយរហូតដល់ជាង ២ពាន់លានដុល្លារ តែធ្វើមិនបានសម្រេចនោះទេ។ ចុងក្រោយ គឺកម្ពុជាអាចធ្វើទៅបាន។

* សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជារឿងសំខាន់ណាស់ផងដែរ។ សម្តេចតេជោ បញ្ជាក់ថា បើមានសុខសន្តិភាព តែហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានតភ្ជាប់ទេនោះ ក៏មិនអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណងប្រាថ្នារបស់សម្តេច គឺការតភ្ជាប់ផ្លូវតាមព្រំដែនថៃ ដោយតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តកោះកុង ដែលគ្រោងបើកការដ្ឋាននាពេលឆាប់ៗខាង។

* បញ្ហាមធ្យោបាយសម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋមានមធ្យោបាយច្រើនសម្រាប់ធ្វើដំណើរ។

* ពាក់ព័ន្ធកត្តាប្រាក់ចំណូលនេះ សម្តេចតេជោ បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋមិនមានប្រាក់ចំណូលទេនោះ គឺមិនអាចទៅធ្វើបុណ្យធ្វើទាន ឬទៅលេងកម្សាន្តនៅតំបន់នានាបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះសម្តេចបានបញ្ចេញថវិកាប្រមាណ ១ពាន់លានរៀល និង អង្ករ ១ពាន់តោន ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ទាំងជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅឆ្នាំនេះទោះកម្រិតទឹកទន្លេនៅត្រឹម១ម៉ែត្រ នៅតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ សម្តេចតេជោបញ្ជាក់ថា មិនចង់ផ្អាកការអុំទូកនាំឱ្យគេថា ខ្លាចផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ សម រង្ស៉ី នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ពីកម្មករ និយោជិតក្នុងវិស័យវេយណភណ្ឌដែលឆ្នាំ២០២០ ប្រាក់ឈ្នួលឡើងបានត្រឹម៨ដុល្លារ កើតពី ១៨២ដុល្លារ ដល់១៩០ដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ពីកម្មករ និយោជិតក្នុងវិស័យវេយណភណ្ឌដែលឆ្នាំ២០២០ ប្រាក់ឈ្នួលឡើងបានត្រឹម៨ដុល្លារ កើតពី ១៨២ដុល្លារ ដល់១៩០ដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្រិតប្រាក់ឈ្នួលរបស់កម្ពុជាឡើងដល់ ១៩០ដុល្លារនេះ គឺខ្ពស់ជាងបណ្តាប្រទេសជាច្រើន។ ដូច្នេះបើដំឡើងខ្ពស់ជាងនេះទៀត អាចនាំឱ្យថៅកែរោងចក្ររើរោងចក្រទៅកាន់ប្រទេសដទៃដែលមានប្រាក់ឈ្នួលទាប។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលកុំឱ្យដំឡើងថ្លៃ ហើយបើឡើងថ្លៃកុំឱ្យលើសពីពីរដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការដំឡើងថ្លៃប្រាក់ឈ្នួលរបស់កម្មករ និយោជិត គឺត្រូវរឹតត្បិតតម្លៃទំនិញលើទីផ្សារកុំឱ្យឡើងខ្ពស់ ពោលរក្សាតម្លៃម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង សហការជាមួយអាជ្ញាធរក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ធ្វើការជាមួយម្ចាស់ផ្ទះ ម្ចាស់បន្ទប់ជួលកុំឱ្យដំឡើងថ្លៃ។

* សម្តេចតេជោ បានថ្លែងថា នៅក្នុងខែតុលា និងវិច្ឆិកានេះ សម្តេចមានដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេសច្រើន រួមមាន វៀតណាម ឆេក ហុងគ្រី អ៉ីតាលី និងប៊ុលហ្គារី បុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្រុងបាងកកជាដើម។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចនឹងមិនបានចូលរួមសន្និសីទចលនាមិនចូលបក្សសម្ព័ន្ធនោះទេ ដោយសារជាប់រវល់ការងារផ្សេងៗទៀត។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃ៩ វិច្ឆិកា ធ្វើពិធីទទួលទានអំបុកខ្មែរនៅទូទាំងប្រទេស ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។

* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៉ី ថា «ព្រះមហាក្សត្រជាអាយ៉ងហ៊ុនសែន» ជាការប្រមាថព្រះជេស្តាព្រះមហាក្សត្រ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៉ី កំពុងធ្វើរដ្ឋប្រហាររបបរាជានិយម។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅដល់បុគ្គលទាំងឡាយដែលកំពុងធ្វើយុទ្ធនាការ «ម្រាមដៃ៩» គឺជាការចូលរួមទង្វើក្បត់ជាតិ ដែលត្រូវតែប្រឈមនឹងការមានទោស។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដីកាស្តីពីការតាមចាប់ខ្លួនរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ត្រូវបានបញ្ជូនទៅប្រទេសសមាជិកអាស៊ានអស់ហើយ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកនៅក្នុងស្រុកទាំងអស់កុំព្រហើន សកម្មភាពទណ្ឌិត សម រង្ស៉ី ឈានចូលដល់ការធ្វើរដ្ឋប្រហារហើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវទៅកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនទាំងអស់ ត្រូវរៀបចំ និងធានាឱ្យបានថាមានអំបុកហូបគ្រប់គ្នានៅថ្ងៃទី៩ វិច្ឆិកា។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមហូបអំបុកពីថ្ងៃទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកសរសេរសៀវភៅនិយាយពីសម្តេចជាច្រើន មិនទាន់បានរំលេចពីយុទ្ធសាស្ត្រត្រីកោណនៅឡើយនោះទេ ដែលជាការចាប់ផ្តើមមួយដ៏សំខាន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធសាស្ត្រត្រីកោណនេះ មានមុំ៣ និងគោលដៅពីរ។ មុំ១៖ សន្តិភាវូបនីយកម្ម, មុំ២៖ ធ្វើសមាហរណកម្មឱ្យបានឆាប់បំផុត ទៅក្នុងអង្គការអន្តរជាតិ និងមុំទី៣៖ ប្រមូលផ្តុំការខិតខំទាំងអស់ដើម្បីអភិវឌ្ឍន៍សង្គមកាត់បន្ថយភាពក្រីក្រ។ ដោយឡែកគោលដៅពីរវិញ គោលដៅទី១៖ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ទៅជាទីផ្សារ និងអភិវឌ្ឍន៍ និងគោលដៅទី២៖ ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ទៅជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។