រដ្ឋមន្ដ្រីកសិកម្ម ប្រាប់ប្រធានមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម អំពីចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជា ប្រែក្លាយទៅជាកសិកម្មទំនើប


ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្តើមបេសកកម្ម របស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងទិសដៅ អនុវត្តបន្តក្នុងក្របខណ្ឌគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ (ASPIRE) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងគម្រោងការកសាងសមត្ថភាព បន្ស៊ាំតាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណ ចំពោះអង្គការ IFAD ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកទល់បច្ចុប្បន្ន តាមរយៈការផ្តល់នូវជំនួយហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងជាច្រើន ក្នុងបំណងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាជនក្រីក្រនៅជនបទ ជាពិសេសកសិករ ដែលមានដីតិច តាមរយៈការបង្កើនផលិតភាពកសិកម្មការជំរុញការ អនុវត្តកសិកម្មចម្រុះ ដោយប្រើប្រាស់បច្ចេកទេសទំនើបឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការកសាងសមត្ថភាព របស់មន្រ្តីអនុវត្តគម្រោង ក៏ដូចជាការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍ (កសិកម្ម នេសាទ និងព្រៃឈើ) ដែលនៅដាច់ស្រយាល ដោយឈរលើសុឆន្ទៈ និងឧត្តមគតិគិតគូរដល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍ របស់លោកនាយកគម្រោង ASPIRE និង S-RET និងទស្សនវិស័យដ៏មានអត្ថន័យ របស់លោកបណ្ឌិត Kaushik Barua ប្រធានក្រុមបេសកកម្ម តំណាងមូលនិធិ IFAD។ ព្រមជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃជាវិជ្ជមាន ចំពោះភាគីពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលរួមចំណែកលើកកម្ពស់ និងផ្តល់កិច្ចសហការប្រកបដោយផ្លែផ្កា ធ្វើឲ្យគម្រោងសម្រេច ទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមស្នើសុំ ឲ្យគ្រប់តួអង្គមេត្តាពង្រឹង និងពង្រីកវប្បធម៌នេះ កាន់តែល្អប្រសើរថែមទៀត ដើម្បីរួមគ្នាបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ ឲ្យកាន់តែមានសកម្មភាពខ្លាំងក្លា រស់រវើក និងប្រទាក់ក្រឡាគ្នា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងនិយាយដោយឡែក សម្រាប់វិស័យកសិកម្មឲ្យមានការរីកចម្រើន តាមរយៈការទាញយកប្រយោជន៍ពីមូលនិធិ IFAD មកប្រើប្រកបដោយតម្លាភាព ឆ្លើយតបទៅនឹងតម្រូវការ ពិតប្រាកដរបស់ប្រជាជន ក្នុងបរិបទបច្ចុប្បន្ននេះ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ពី ចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្ម គឺត្រូវប្រែក្លាយ «កសិកម្មឲ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្នធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពឈានទៅលើកស្ទួយកំណើនប្រាក់ចំណូលគ្រួសារកសិករ» ស្របតាមក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជា ឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួន គឺប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលយន្តការ ឬយុទ្ធសាស្រ្តសម្រាប់ធ្វើការអភិវឌ្ឍន៍រួមមាន៖

១៖ ជំរុញកំណើនផលិតកម្មកសិកម្ម តាមរយៈការធ្វើពិពិធកម្មដែលមានសក្តានុពល និងបង្កើនការនាំចេញ ដោយពង្រឹង និងពង្រីកការធ្វើទំនើបកម្មកសិកម្ម ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង ដោយអនុវត្ត បច្ចេកទេសកសិកម្មឆ្លាតវៃ និងការបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុ។

២៖ ជំរុញកំណើនផលិតកម្មសត្វឲ្យកើន ៣ភាគរយក្នុង១ឆ្នាំ និងបង្កើនការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មឲ្យកើនដល់ ២២ភាគរយ ព្រមទាំងជំរុញការចិញ្ចឹមគោពូជល្អៗ ឲ្យបានប្រមាណ៣០ភាគរយ នៅឆ្នាំ២០២៣។

៣៖ បង្កើនការគ្រប់គ្រងធនធានជលផល ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព ដោយពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល រក្សាស្ថិរភាពនៃផលចាប់ពីធម្មជាតិ ក្នុងរង្វង់៦០០ពាន់តោនក្នុង១ឆ្នាំ បង្កើនផលវារីវប្បកម្ម២០ភាគរយក្នុង១ឆ្នាំ។

៤៖ បន្តគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាព ចូលរួមជំរុញការថែរក្សាគម្របព្រៃឈើឲ្យបានល្អប្រសើរ ព្រមទាំងបង្កើនចំណូលរបស់សហគមន៍ព្រៃឈើ ឲ្យកើន២០ភាគរយក្នុង១ឆ្នាំ តាមរយៈការធ្វើពិពិធកម្មកសិកម្ម និងជំរុញការស្តារព្រៃឈើឡើងវិញ ព្រមទាំងបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីចូលរួមចំណែកធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចពីបញ្ហាប្រឈមមួយចំនួនផងដែរ ដែលជាឧបសគ្គរាំងស្ទះ ដល់ការអភិវឌ្ឍន៍ វិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ដូច្នេះ ឆ្លៀតយកឱកាសនេះ លោកបានស្នើឲ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយបញ្ហាទាំងនោះ ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាអន្តរវិស័យ ប្រកបដោយប្រសិទ្ធភាព រួមទាំង វិស័យឯកជនដែលជាកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ច សមស្របតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»៕