អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ កម្មករ-កម្មការិនី រងគ្រោះថ្នាក់ចរាចរណ៍ ជិត៣០នាក់ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត និងតាកែ


(កំពត)៖ ឯកឧត្តម ជាវ តាយអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត អមដំណើរដោយមន្ត្រីសាលាខេត្តកំពត និងមន្ត្រីសាលាស្រុកជុំគីរី បានអញ្ជើញចុះទៅដល់ជួបផ្ទាល់ កម្មករ-កម្មការិនីរងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងមន្ទីរពេទ្យបង្អែកស្រុកឈូក និងពេទ្យស្រុកជុំគិរី នៃខេត្តកំពត។

ជំនួបសួរសុខទុក្ខជនរងគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យរងរបួសស្រាលនិងធ្ងន់ សរុបចំនួន ២៨នាក់ ក្នុងនោះស្រី២៦នាក់ បានធ្វើឡើង នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម ជាវ តាយ បានចូលរួមសោកស្ដាយ និងក្ដីទុក្ខលំបាកជាមួយកម្មករ-កម្មការិនី រងគ្រោះថ្នាក់ទាំងអស់នោះ ក៏ដូចជាក្រុមគ្រួសារ។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរផ្ដាំផ្ញើ ដល់បុគ្គលិកមន្ទីរពេទ្យបង្អែកដែលពាក់ព័ន្ធ សូមឱ្យមេត្តាជួយយកចិត្តទុកដាក់ថែទាំ និងព្យាបាលរបួស ដល់កម្មករ-កម្មការិនី ធ្វើខាងណាឱ្យមានសភាពធូរស្រាល និងឆាប់ជាស្បើយ បានត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ ដើម្បីទៅបំពេញការងារដូចសព្វដងផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវថវិកាសរុបចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល) ដើម្បីឧបត្ថម្ភបន្ថែម ជូនដល់កម្មករ-កម្មការិនី ដែលរងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកទាំងអស់ផងដែរ។

សូមរំលឹកថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី0២ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតក្នុងភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត មានគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹក កម្មករ-កម្មការិនីមួយគ្រឿង បណ្ដាលឱ្យរងរបួសស្រាលនិងធ្ងន់សរុប ចំនួន២៨នាក់ ក្នុងនោះស្រី២៦នាក់។ ហើយអ្នករងគ្រោះទាំងនេះ ក៏បានបញ្ជូនទៅសម្រាកព្យាបាលដោយមួយចំនួន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យក្នុងខេត្តកំពត មួយចំនួនក្នុងខេត្ត តាកែវ រាជធានីភ្នំពេញ និងប្រទេសវៀតណាមផងដែរ។

ក្រោយហេតុការណ៍ ឯកឧត្តម ជាវ តាយ ក៏បានយកចិត្តទុកដាក់ចាត់ចែងការងារជាបន្ទាន់ ក្នុងជំហានដំបូងបញ្ជូនឱ្យមន្ត្រីសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ទៅជួបសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ជាថវិការបស់កាកបាទក្រហមខេត្ត ដើម្បីឧបត្ថម្ភជួយសំរាលដល់ការលំបាល កម្មករ-កម្មការិនី ដែលរងគ្រោះទាំងអស់នោះ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងមណ្ឌលសុខភាពមួយចំនួនក្នុងស្រុកជុំគីរីខេត្តកំពតផងដែរ៕