ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ជួបសំណេះសំណាលជាមួយសិស្សជាប់បាក់ឌុប៤,១១៦នាក់ នៅខេត្តកំពត និងផ្តល់រង្វាន់ម៉ូតូដល់សិស្សនិទ្ទេស A


(កំពត)៖ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីសំណេះសំណាលជាមួយសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មកពីបណ្តាស្រុក ក្រុង នៃខេត្តកំពត ចំនួន៤,១១៦នាក់។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត ព្រមទាំងចូលរួមពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត, ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ព្រមទាំងសិស្សជ័យលាភីចាប់ពីនិទ្ទេស A ដល់និទ្ទេស E សរុបប្រមាណ ៥,០០០នាក់។

ឯកឧត្តមអភិបាលខេត្ត ជាវ តាយ បានឲ្យដឹងអំពីស្ថានភាពវឌ្ឍនភាព នៃវិស័យអប់រំ ក្នុងខេត្តកំពត។ ជាក់ស្ដែង ជាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នាសម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ សម្រាប់ខេត្តកំពត មានបេក្ខជនបានមកប្រឡងសរុបចំនួន ៥,១៤៥នាក់ ស្រី២,៦៣៥នាក់។

ជាលទ្ធផលមានបេក្ខជនបានប្រឡងជាប់សរុប ៤,១១៦នាក់ ក្នុងនោះស្រី២,២១៧នាក់ ស្មើនឹង៨០%។ រីឯចំណាត់ថ្នាក់និទ្ទេស(A)មានចំនួន២៣នាក់ ស្រី១០នាក់ និទ្ទេស(B) មានចំនួន១១៨នាក់ ស្រី៦៥នាក់ និទ្ទេស(C) ចំនួន៣៣៤នាក់ ស្រី ១៩៣នាក់ និទ្ទេស(D) ៨០២នាក់ ស្រី ៤៩១នាក់ និងនិទ្ទេស(E)មានចំនួន២,៨២៩នាក់ ស្រី១,៤៥៨នាក់។

នៅក្នុងពិធីនេះផងដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សជ័យលាភីទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រឹងប្រែង ក្នុងការបង្រៀននិងការសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើលើកទឹកចិត្តដល់យុវសិស្សទាំងអស់ ត្រូវខិតខំ បន្តការសិក្សាថែមទៀតនៅថ្នាក់មហាវិទ្យាល័យ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹងជំនាញផ្សេងៗ និងពង្រឹងសមត្ថភាពរបស់ខ្លួនអោយក្លាយជាសសរទ្រូងឆ្នើម របស់ប្រទេសជាតិ សំដៅចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល ព្រមទាំងក្លាយជាពលរដ្ឋគំរូ ក្នុងសង្គមជាតិ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៉ែន ស៊ីម៉ន បានជូនថវិកាដល់ គណ:គ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ មកពីសាលាវិទ្យាល័យរដ្ឋ និងឯកជនក្នុងខេត្តសរុបចំនួន ៥៣៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល។ ដោយឡែក សម្រាប់សិស្សជ័យលាភី និទ្ទេស(A) ២៣នាក់ ម្នាក់ៗទទួលបាន ពានរង្វាន់ជ័យលាភី ម៉ូតូហុងដាDream មួយគ្រឿង អមជាមួយប្រាក់ ៤០ម៉ឺនរៀល, និទ្ទេស(B) ១១៨នាក់ ម្នាក់ៗ ទទួលបានថវិកា ២០ម៉ឺនរៀល, និទ្ទេស(C) ៣៣៤នាក់ ម្នាក់ៗ ទទួលបានថវិកា ១៥ម៉ឺនរៀល, និទ្ទេស(D) ៨០២នាក់ ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល និង និទ្ទេស(E) ២,៨២៩នាក់ ម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល៕