អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យការដាំដើមឈើប្រណិតរាប់រយដើម នៅអមសងខាងក្បាលស្ពាន ត្រើយខាងលិច


(ភ្នំពេញ)៖ សួនច្បារនៅខាងលិច និងខាងកើត ស្ពានជ្រោយចង្វារ នឹងក្លាយជាសួនឧទ្យាន មួយដែលពោរពេញទៅដោយដើមឈើប្រណីតៗ រាប់រយដើម អមសងខាងក្បាលស្ពាន ដោយនៅពេលដ៏ខ្លីខាងមុខនេះអ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើពិធីដាំដើមឈើនៅទីនេះតែម្តង។

នេះបើតាមការបញ្ជាក់របស់លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ខណៈដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការដាំដើមឈើប្រណិតៗ នៅលើសួនច្បារខាងលើនេះតែម្តង។

លោក សំ សាមុត បានបញ្ជាក់បន្ថែមថា អ្វីដែលជាការណែនាំរបស់ឯកឧត្តម ឃួង ស្រេង ខណៈចុះពិនិត្យមើលការដាំដើមនេះ ជាក់ស្តែងឯកឧត្តម បានជំរុញឲ្យអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំដើមឈើប្រណីតៗ នៅលើសួននេះឲ្យបានច្រើន ក្លាយជាសួនឧទ្យានមួយនៅក្នុងក្រុងភ្នំពេញ ហើយដើមឈើដែលត្រូវដាំ មានប្រភេទឈើធ្នង់ គគីរ ក្រញូង ដែលមានចំនួនចាប់ពី២៥០ ទៅ៣០០ដើម។

ជាមួយនឹងការណែនាំពីឯកឧត្តមអភិបាលនេះដែរ អ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើពិធីដាំដើមឈើនៅទីនេះតែម្តង ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង និងមានបរិស្ថានល្អ ស្រូបយកអ្នកទេសចរ កាន់តែច្រើនឡើងថែមទៀត៕