(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ដែលមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទាំងនោះផងដែរ។
ក្នុងឱកាសជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រគល់ កាក់ពីរប្រាក់ស្លឹងមួយ សៀវភៅមួយប្រអប់ មានច្បាប់ក្រុមង៉ុយនិងអ៊ូចុង។ ថវិកាពីរលានរៀល iPad មួយគ្រឿង ជូនសិស្សនិទ្ទេស A ទាំង៤៤៣នាក់។ នាយក នាយិកា១៨៨នាក់ ទទួលបាន កាក់មាសពីរ ប្រាក់ស្លឹង សៀវភៅ ក្រុមង៉ុយ និងអ៊ូចុង ព្រមទាំងថវិការមួយចំនួន។ អំណោយនេះជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង ដែលតែងបានឧបត្ថម្ភរៀងរាល់ឆ្នាំ ជូនដល់សិស្សនិទ្ទេស A។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចូលបុណ្យសពឪពុកសិស្សនិទ្ទេស A ម្នាក់ ចំនួន៥លានរៀល និងបានសម្រេចបំណងសពឪពុក ដោយអនុញ្ញាតឱ្យសិស្សរូបនេះបានថតរូបជាមួយសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានមោទនភាពចំពោះអ្វីដែលបានធ្វើនាពេលកន្លងទៅនេះលើការធ្វើកំណែទម្រង់អប់រំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១២មក ជាមួយការដាក់ចេញគោលនយោបាយឃុំមួយ វិទ្យាល័យមួយយ៉ាងតិច បានផ្តល់ឱកាសឱ្យសិស្សជានារីទទួលបានឱកាសសិក្សាកាន់តែខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការលើកកម្ពស់យេនឌ័រ មិនមែនស្ថិតនៅលើក្រដាសទេ គឺស្ថិតនៅលើការអនុវត្តន៍ជាក់ស្តែង។ បើមិនជំរុញឱ្យសិស្សស្រីបានសិក្សារៀនសូត្រ កុំនិយាយរឿងលើកកម្ពស់យេនឌ័រ។
* សម្តេចតេជោ ហ៊ុន សែន ពិតជាមានការកោតសរសើរជាមួយសិស្សប្រលងជាប់គ្រប់កម្រិតទាំងអស់ ដែលក្នុងឆ្នាំមានជាង ៦៨ភាគរយ កើនប្រមាណ ១ភាគរយ ធៀបឆ្នាំ២០១៨។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធផលសម្រេចបាននេះ បានមកពីការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ជាពិសេសគឺសិស្សខ្លួនឯងផ្ទាល់តែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមានការបន្ធូរបន្ថយការប្រលងដើម្បីឱ្យសិស្សជាប់ច្រើននោះទេ គុណភាពនៃការប្រលងនៅតែរឹតបន្តឹងដដែល។ ប៉ុន្តែការធ្វើកំណែទម្រង់លើការប្រលងបានជំរុញឱ្យសិស្សប្រឹងរៀនតាំងពីថ្នាក់ក្រោមទៅ។
* សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរដល់សិស្សប្រលងជាប់ទាំងអស់ ហើយក៏បានចូលរួមសោកស្តាយចំពោះសិស្សប្រលងធ្លាក់។ សម្តេចតេជោ ជំរុញឱ្យសិស្សប្រលងធ្លាក់កុំបោះបង់ការសិក្សា អាចសិក្សាថ្នាក់ទី១២បន្ត សិក្សាបរិញ្ញាបត្ររង ឬសិក្សាថ្នាក់បច្ចេកទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកគ្រូ អ្នកគ្រូ អាជ្ញាធរ កងកម្លាំងប្រដាប់ ក្រុមការងារថ្នាក់ជាតិ សហភាពសហព័ន្ធ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមដោះស្រាយលើបញ្ហានានាជុំវិញការប្រលង។
* សម្តេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះវឌ្ឍនភាពលើវិស័យអប់រំនៅកម្ពុជា ប៉ុន្តែនៅតែសោកស្តាយបើគ្មានការធ្វើរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ស្ថានភាពកម្ពុជានឹងប្រសើរ។
* សម្តេចតេជោ បានថ្លែងថា ប្រសិនបើកម្ពុជាមិនមានសង្គ្រាមវិនាសសកម្ម និងរបបប្រល័យពូជសាសន៍នោះស្ថានភាពប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរជាងនេះ។
* សម្តេចតេជោ បានថ្លែងថា សន្ទស្សន៍នៃការអប់រំនៅទាប តែបើធៀបជាមួយការចាប់ផ្តើមរបស់កម្ពុជាក្រោយរបបប្រល័យពូជសាសន៍ ជារឿងមួយប្រសើរ សម្រាប់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រំពឹងថា ទៅថ្ងៃខាងមុខនឹងមានអ្នកចប់កម្រិតឧត្តមសិក្សាទៅធ្វើមេឃុំ ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពួកឧទ្ទាមក្រៅច្បាប់តែងតែងប្រមាថចំពោះការសិក្សាក្នុងស្រុក ដែលជាការប្រមាថចំពោះការសិក្សារបស់សិស្ស និងលោកគ្រូ អ្នកគ្រូ។ ក្នុងនោះរួមមានទាំងអ្នកគាំទ្ររបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវចេះឱ្យតម្លៃលើការខិតខំរបស់ខ្លួន តែមិនត្រូវមោទនភាពជ្រុលហួសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពជាមួយជីដូនជីតា ឪពុកម្តាយ និងសិស្សទាំងអស់ ដែលបានរួមដំណើរគ្នាកសាងប្រទេសឡើងវិញ រយៈពេល៤០ឆ្នាំមកនេះ ក្រោយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរនោះទេ សម្តេចមិនអាចដឹកនាំប្រទេសក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះបានឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរួមគ្នារក្សាសុខសន្តិភាព គឺជាការរក្សានូវសមិទ្ធផល និងកិច្ចខិតខំរបស់ជីដូនជីតា និងឪពុកម្តាយក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតគាំទ្រ និងការពារសមិទ្ធផលជីដូនជីតា និងឪពុកម្តាយបានធ្វើ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងជូនពរគ្រូបង្រៀននៅទូទាំងប្រទេសក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ដែលប្រារព្ធឡើងកាលពីសប្តាហ៍កន្លងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើជាមនុស្សត្រូវហ៊ានទទួលយកទាំងល្អ និងអាក្រក់។ កុំទទួលយកតែល្អ ហើយច្រានចោលអាក្រក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានជនបរទេសចូលមកកម្ពុជា មិនស្គាល់ស្ថានភាពរបស់កម្ពុជា តែចង់ប្រដៅកម្ពុជា។ សម្តេចបានបញ្ជាក់ថា ជនបរទេសណាខ្លះមិនប្រាកដថា ឆ្លាតជាងកម្ពុជានោះទេ គ្រាន់តែគេមានសំណាងកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមិនច្រានចោលទស្សនៈ និងគំនិតរបស់បរទេសនោះទេ ប៉ុន្តែហាមដាច់ខាតមិនឱ្យមានការប្រមាថនោះឡើយ។
* សម្តេចតេជោបានរំលឹកពីការបង្គាប់បញ្ជារបស់បរទេសឱ្យសម្តេចលក់ស្ថាប័នគយ ដែលជារឿងមិនអាចទទួលយកបាន។
* សម្តេចតេជោបានថ្លែងថា បើលក់ស្ថាប័នគយតាមការទាមទារនោះ ស្មើលក់អធិបតេយ្យជាតិ។ សម្តេចតេជោបញ្ជាក់ថា ការសម្រេចមិនលក់ស្ថាប័នគយ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសជាច្រើនបញ្ជូនមន្ត្រីជាច្រើនមករៀនពីកម្ពុជា មានដូចជាការដោះមីនជាដើម។
* សម្តេចតេជោ បានប្រាប់សិស្សនិទ្ទេស A ថា ពីមុនសម្តេចឃើញគេធ្វើត្រឹមចៅហ្វាយស្រុកគឺអស្ចារ្យ តែមិននឹកស្មានថាសម្តេចក្លាយជានាយករដ្ឋមន្ត្រី តែងតាំងចៅហ្វាយស្រុកទូទាំងប្រទេស។
* សម្តេចតេជោ ថ្លែងថា កងទ័ពត្រូវចេញកម្ចាត់ក្រុមឧទ្ទាមសមរង្ស៊ី ព្រោះគេបានប្រកាសប្រើកម្លាំងទ័ព ដែលជាទង្វើធ្វើរដ្ឋប្រហារ។
* សម្តេចតេជោ បានថ្លែងថា ក្នុងមួយឆ្នាំសម្តេចផ្តល់អាហារូបករណ៍ ៣៧០០ កន្លែងក្នុងមួយឆ្នាំ។ សម្តេចតេជោ បញ្ជាក់ថា អាហារូបករណ៍នេះជួយឱ្យសិស្សសម្រេចគោលដៅ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អ្នកជាប់និងធ្លាក់ ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្របន្ត។ ទីផ្សារសេរីគ្មានមនោសញ្ចេតនានោះឡើយ ចំណេះមិនដល់គេមិនយកធ្វើការនោះទេ។
* សម្តេចតេជោបានថ្លែងថា ការងារច្រើនណាស់ដែលគ្រប់ក្រុមគ្រួសារត្រូវខិតខំដើម្បីកសាងជីវភាព។ ប៉ុន្តែការងារចម្បងរក្សាឱ្យបាននូវសុខសន្តិភាព បើរក្សាមិនបានកុំសង្ឃឹមមានរីកចម្រើនបន្ត។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវក្រុមឧទ្ទាម សម រង្ស៊ី មកស្រុកខ្មែរឱ្យលឿនកុំចាំបាច់ដល់ថ្ងៃទី៩ ខែវិច្ឆិកា។
* សម្តេចតេជោ ហ៊ុន សែន ឆ្ងល់ថា មិនដឹងជាក្រុមឧទ្ទាម សម រង្ស៊ី ចូលស្រុកខ្មែរតាមវិធីណា ? ហើយដឹកពលករមកតាមវិធីណា?
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅសម្តេច ទៀ បាញ់ ថា កម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ជាភារកិច្ចកងទ័ព។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា ការប្រមាថព្រះមហាក្សត្រ គឺជាទោសធ្ងន់ធ្ងរបំផុត។
* សម្តេចតេជោបានថ្លែងថា គោលដៅក្រុមឧទ្ទាម សម រង្ស៊ី មិនត្រឹមតែរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ គឺរំលាយរបបរាជានិយមថែមទៀតផង
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមគាំទ្រក្រុមឧទ្ទាម សម រង្ស៊ី ឱ្យដកខ្លួន ព្រោះការគប់គិតជាមួយក្រុមឧទ្ទាមជាទោសធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាននោះឡើយ
* សម្តេចតេជោ បន្តអំពាវនាវចូលរួមហូបអំបុកនៅថ្ងៃ៩ វិច្ឆិកា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្ស
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះទឹកនៅកម្រិតមួយម៉ែត្រ ក៏ប្រារព្ធពិធីបុណ្យអ៊ុទូកដែរ។
* សម្តេចតេជោ ប្រាប់ក្រុមជនបរទេសថា ទង្វើផ្ទួលរំលំរាជរដ្ឋាភិបាលមិនអាចអនុគ្រោះបានឡើយ។ អ្នកបង្ហោះសារធ្វើចលនាតាមហ្វេសប៊ុកក៏មានទោសដែរ។
* សម្តេចតេជោ បានថ្លែងថា ក្រុមធ្វើចលនាជាមួយក្រុមឧទ្ទាម សម រង្ស៊ី នៅបាងកក ប្រទេសថៃក៏ត្រូវតាមចាប់ខ្លួនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រអត់លូកលាន់នយោបាយនោះឡើយ។ តែទណ្ឌិត សម រង្ស៊ី ខឹងព្រះមហាក្សត្រមិនលើកលែងទោសឱ្យខ្លួន ទើបប្រមាថព្រះអង្គ។ សម្តេចតេជោ បញ្ជាក់ថា បើគ្មានសំណើពីសម្តេច និងសភាទេនោះ ព្រះមហាក្សត្រមិនអាចឡាយព្រះហស្ថលេខាបានឡើយ នេះជារបបនយោបាយនៅកម្ពុជា(របបសភា)។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមាថរបស់ក្រុមឧទ្ទាម សម រង្ស៊ី ជារឿងមិនអាចអត់ឱនឱ្យបាននោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ក្រុមឧទ្ទាម សម រង្ស៊ី បើភ្លើណាស់រាយលុយគ្នាឱ្យក្រុមឧទ្ទាមទៅ។
* កាក់ពីរប្រាក់ស្លឹងមួយ សៀវភៅមួយប្រអប់ មានច្បាប់ក្រុមង៉ុយនិងអ៊ូចុង។ ថវិកាពីរលានរៀល អាយផេតមួយ ។ នាយក នាយិកា ១៨៨ កាក់មាសពីរ ប្រាក់ស្លឹង សៀវភៅ ក្រុមង៉ុយ និងអ៊ូចុង ព្រមទាំងថវិការមួយចំនួន។
* សម្តេចតេជោ បានថ្លែងអ្នកសម្រេចចិត្តលើអង្គនីតិប្រតិបត្តិអាចនាំឱ្យជាតិរីកចម្រើន ហើយក៏អាចអន្តររាយផងដែរ ប្រសិនបើសម្រេចចិត្តខុស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងគ្រួសារមួយបើសម្រេចចិត្តខុសអន្តរាយមួយគ្រួសារ តែបើអ្នកដឹកនាំជាតិសម្រេចចិត្តខុសនាំអន្តរាយដល់ជាតិទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក មាស នី ជាអ្នកវិភាគអន់បំផុត មិនបានពាក់កណ្តាលលោក ជេម សុខ នោះទេ។ សម្តេចតេជោ បានប្រាប់ មាស នី ថា អ្នកចូលសមរភូមិមិនខ្លាចស្លាប់ដូចសម្តេចមិនចេះខ្លាចនរណានោះឡើយ។