សម្តេចតេជោ ហ៊ុន សែន ស្នើវិនិយោគិនចិនត្រកូល ហ៊ុន បន្តវិនិយោគនៅកម្ពុជា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យអ្នកវិនិយោគចិនមានត្រកូល ហ៊ុន ប្រមាណជា ៤០នាក់ ចូលជួបសម្តែងការគួរសម និងពិភាក្សាពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកវិនិយោគចិនត្រកូល ហ៊ុន នេះ សុទ្ធសឹងជាក្រុមហ៊ុនធំៗមកបណ្តាខេត្តផ្សេងៗគ្នានៅក្នុងប្រទេសចិន ដែលកំពុងវិនិយោគនៅក្នុងប្រទេសចិន និងក្រៅប្រទេស រួមទាំងកម្ពុជាផងដែរ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យអ្នកវិនិយោគទាំងនេះ បន្តរកស៊ីនៅក្នុងប្រទេសកម្ពុជា ដោយកុំព្រួយបារម្ភអ្វីទាំងអស់ ដ្បិតរាជរដ្ឋាភិបាលមានគោលនយោបាយគាំពារយ៉ាងប្រសើរដល់អ្នកវិនិយោគបរទេស។ ជាពិសេសទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន ជាចលករដ៏សំខាន់សម្រាប់គាំពារ និងផ្តល់ឱកាសដ៏ប្រសើរសម្រាប់ការវិនិយោគចិននៅកម្ពុជា។

នៅក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញនូវចំណុចពិសេសជាច្រើន ដែលជួយឱ្យការរកស៊ីរបស់ចិននៅកម្ពុជាមានលទ្ធផលល្អប្រសើរ។ ក្នុងនោះកម្ពុជា និងចិនជាប្រទេសមានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយរាជរដ្ឋាភិបាលកម្ពុជា តែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ តាំងពីការចាប់ផ្តើមទំនាក់ទំនងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននៅឆ្នាំនេះ សម្តេចបានស្នើទៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង ឱ្យជំរុញក្រុមហ៊ុនចិនបន្តរកស៊ីនៅកម្ពុជា ទោះបីមិនមានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប, ធ្វើយ៉ាងណាឱ្យពាណិជ្ជករចិនថ្មី មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពោលរក្សាចាស់ និងបង្កើនថ្មី និងបន្តបើកទីផ្សាររបស់ចិនឱ្យកាន់តែធំ សម្រាប់ផលិតផលកសិផលរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជា និងចិន បាននឹងកំពុងប្រឹងប្រែងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែធំ ពោលសម្រេចឱ្យបានប្រមាណ ១០ពាន់លានដុល្លារនៅឆ្នាំ២០២២។ ការប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មនេះ ជាឱកាសមួយសម្រាប់ចិនក្នុងការវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញនូវកត្តាសំខាន់ៗមួយចំនួនទៀត ដែលសុទ្ធសឹងជាឱកាសរកផលចំណេញពីការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា។ កត្តាទាំងនោះមានដូចជា៖ ការបង្កើតតំបន់ និងអនុតំបន់មេង្គ, មេគង្គ-ឡានឆាង, អាស៊ាន-ចិន និងអាស៊ី-បូព៌ា, ការបង្កើតតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-ចិន, ការបង្កើតតំបន់សេដ្ឋកិច្ចសេរីរវាងកម្ពុជា និងចិន, ការបង្កើតតំបន់សេដ្ឋកិច្ចអនុគ្រោះគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកអាស៊ានទាំង១០ ជាមួយចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី នូវែលហ្សេឡង់ជាដើម៕