នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថាន ស្ថានីយ៍ទូរទស្សន៍ My TV និង ក្រុមហ៊ុន Fu Lu Shou Co.,Ltd បានចុះអនុស្សារណៈនៃការយោគយល់ ស្តីពីយុទ្ធនាការផ្សព្វផ្សាយ សារអប់រំបរិស្ថាន បែបគំនូជីវចលរឿង «ចៅកូរ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅឯស្ថានីយ៍ទូរទស្សន៍ My TV រាជធានីភ្នំពេញ។
អនុស្សារណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំផ្សព្វផ្សាយលើក កម្ពស់ការយល់ជាសាធារណៈ អំពីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព គ្រាដែលគំនូជីវចលរឿង «ចៅកូរ» នឹងត្រូវផលិតឡើងចំនួន ១៨ភាគ ដែលមានចាក់ផ្សាយចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ខាងមុខនេះតទៅ លើកញ្ចក់ទូរទស្សន៍ My TV និងផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន និងគេហទំព័រដែលមានអាស័យដ្ឋាន www.moe.gov.kh
។
មានប្រសាសន៍ក្នុងពីធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា តាមរយៈការផលិត និងបង្កើតវីដេអូបែបគំនូរជីវចលនេះមិនមែនជាលើកទីមួយទេសម្រាប់ប្រទេស
កម្ពុជា សម្រាប់ធ្វើការអប់រំ ក៏ដូចជាការផ្លាស់ប្តូរនូវផ្តត់គំនិតរបស់ប្រជាជន ដោយឡែករឿង “ចៅកូរ” ជាសាច់រឿងថ្មីមួយទៀតបង្កើតឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបទាក់ទងទៅនឹងវិស័យបរិស្ថាន ដល់សាធារណជន ដោយនៅក្នុងសាច់រឿងនេះបានបង្កប់នូវសារអប់រំជាច្រើន ចាប់ពីកុមារ តូចៗឡើងទៅ។
គួរបញ្ជាក់ថា ហត្ថលេខីក្នុងពិធីនេះ រួមមានការអញ្ចើញចូលរួមជាតំណាងដោយ លោកជំទាវ ងិន លីណា អគ្គនាយិកានៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក លឹម ឃុនស្រ៊ុន អគ្គនាយកស្ថានីយ៍ទូរទស្សន៍ MyTV និង លោក សុខ សំណាង ប្រធានក្រុមហ៊ុន Fu lu Shou Co.,Ltd ដែលជាក្រុមហ៊ុននាំចូលចូលផលិតផល Pocari Sweat៕