ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួមហូបអំបុក សាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃ០៩ ខែវិច្ឆិកាខាងមុខនេះ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនអំពាវនាវប្រជាពលរដ្ឋទាំងអស់​ចូលរួមហូបអំបុកសាមគ្គីការពារជាតិ សាសនា ព្រះមហា ក្សត្រ​នៅថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះដែលជាថ្ងៃបុណ្យឯករាជ្យជាតិខាងមុខនេះ។

ការថ្លែងអំពាវនាវបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កាលពីរសៀល​ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ​ក្នុង ឱកាសឯកឧត្តមដឹកនាំក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានចុះជួប សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ​ជំនន់ទឹកភ្លៀងចំនួន ៦២១គ្រួសារកាលពីកន្លងមកនេះ នៅក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយ​​មាន​​ជ័យ។

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា សន្តិភាពមានតម្លៃណាស់ ហើយជាអាយុជីវិត របស់យើងទាំងអស់គ្នាដូចនេះសូមបងប្អូនទាំងអស់បន្តចូលរួមថែរក្សានូវសន្តិភាពជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយមិនត្រូវជឿនូវ ការឃោសនារបស់ក្រុមពួកក្បត់ជាតិឱ្យទៅចូលរួមសកម្មភាពអ្វីដែលនាំ​ឱ្យមានទុក្ខទោសដល់ ខ្លួន ក្រុមគ្រួសារ និងនាំឱ្យមហន្តរាយដល់សង្គមជាតិឡើយ។

​​ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធ​សភា រដ្ឋសភា នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចបានចាត់ទុកសុខទុក្ខរបស់ប្រជាពល រដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតម្រូវឱ្យមានការដោះស្រាយ ដោយមិន ទុកឱ្យបងប្អូនណាម្នាក់ដែលជួបទុក្ខលំបាកហើយមិនទទួលធ្វើការដោះស្រាយនោះឡើយ។

នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បាននាំយកអំណោយ ផ្តល់ជូន រួមមាន ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៦២១គ្រួសារ ដោយក្នុង១ គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ នំ១ធុង ទឹកបរិសុទ្ធ១យួរ សារុង២ ថវិកា២ម៉ឺនរៀល។ រីឯគ្រួសារដែលមានសមាជិកស្លាប់ ដោយសារលង់ទឹកជំនន់ចំនួន៩នាក់ ក្នុង១គ្រួសារទទួលបានបន្ថែមថវិកា៥២ម៉ឺនរៀល។ ជា មួយនោះឯកឧត្តមបានចូលបច្ច័យចំនួន២លានរៀលដើម្បីចូលរួមរម្លែកទុក្ខជាមួយគ្រួសារសពលោកស្រី ប៊ុត ស៊ីលន ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលបានទទួលមរណភាពនៅ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធទៀតផង៕